កីឡា

ប្រសាសន៍សំខាន់ សម្តេចតេជោក្នុងពិធី ទទួលស្វាគមន៍ ប្រតិភូ និងប្រគល់ប្រាក់រង្វាន់ ម្ចាស់មេដាយមាស កីឡាអាស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការ អនុញ្ញាត ដល់ប្រតិភូ កីឡាអាស៊ីកម្ពុជាចូលជួប សម្តែងការគួរសម និង ប្រគល់ជូនប្រាក់រង្វាន់ លើកទឹកចិត្តជូន ដល់ម្ចាស់មេដាយមាស កីឡាអាស៊ី នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នេះនាវិមានសន្តិភាព ។

សូមជម្រាបថា ដំណើរនិវត្តន៍អមដោយសមិទ្ធិផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ៦៤ឆ្នាំ នេះ មានពិធីទទួលស្វាគមន៍ យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធពី អាកាស យានដ្ឋាន អន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់​ ក្រោយចុះពីលើយន្ដ ហោះផង ដែរ។

នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះមាន ៤៥ប្រទេសចូលរួមហើយកម្ពុជាបាន ឈ្នះមេដាយមាស២វិញ្ញាសាដែលមេដាយមាសទី១ ដណ្តើមបាន ដោយកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា លើប្រភេទ ទម្ងន់ ៤៩គីឡូក្រាម នៃប្រភេទកីឡា ជឺជីតស៊ូ និងមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿងទៀត ដណ្តើមបាន ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសា Runabout 1100 Stock នៃប្រភេទកីឡាម៉ូតូទឹក។ ចំពោះពិធីបំពាក់មេដាយជាផ្លូវ ការលើប្រភេទកីឡាម៉ូតូទឹកត្រូវបានធ្វើឡើង កាលពី ល្ងាច ថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹង ការគោរពភ្លេងជាតិ ការបង្ហូតទង់ជាតិកម្ពុជា ដោយបាន បង្ហាញ ពីកិត្តិយសដ៏ធំធេង និងជាមោទកភាពជាតិលើ ឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងកម្រិត Asian Games តាមអនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជារួមមាន មេដាយ មាស ៨០លានរៀល,មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួល បាន៧០ភាគរយ។

ក្រៅពីនេះសម្ដេចតេជោហ៊ុនសែនបានកំណត់ ជាគោលការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយមេដាយមាសទទួល បាន១០.០០០ ដុល្លារ, មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយ សំរឹទ្ធិ៣.០០០ដុល្លារ។ ក្មួយៗមិន ធ្វើឲ្យប្រទេសជាតិ យើងខកបំណងនោះទេ។

យើងរងចាំថ្ងៃនេះ៦៤ឆ្នាំមកហើយ។គ្រប់៦៤ឆ្នាំយើងទទួល បានមេដាយមាស២ទៀតអមដោយ មេដាយសំរឹទ្ធមួយ។ ពេលនេះក្មួយៗទាំង២នាក់ រួមទាំង​ស៊ន សៀវម៉ី និងប្រជាពលរដ្ឋកម្ពុជា ជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះឡើង។ប្រវត្តិសាស្រ្ត នឹងកត់ត្រាស្នាដៃរបស់ក្មួយៗទុក គ្មានអ្នកណាអាចកែ ប្រែប្រវត្តិសាស្រ្តបានទេ។ ចាប់ផ្ដើមពីសមីខ្លួនរហូតដល់ អ្នកសរសេរ ប្រវត្តិសាស្រ្ត។ ៦ទសវត្ស និងជាងកន្លះសតវត្សទើបយើងទទួលបានមេដាយមាសម្ដងទៀត។ យើងបានក្រោកឈរ ឡើងពី ការលំបាក ចំណុចនេះ សួរថាតើ លោក ហ៊ុន សែន គ្រាន់តែមេដាយមាសមួយរងចាំទទួល ស៊នសៀវម៉ីរហូតដល់ ម៉ោង១២ យប់ឯណោះ។ ប្រទេសផ្សេងៗគេទទួលបានមេដាយច្រើនណាស់ ខ្ញុំសូមបញ្ជាក់ថាយើងត្រេកអរត្រូវ ចាប់ផ្ដើមពីហ្នឹងមក ។ មានអ្នកខ្លះរិះគន់ខ្ញុំថា កាលយើងទើប មានស្ពានអាកាសដំបូង គេថាយើងទើបមានតែមួយសោះ ចាំបាច់អួតខ្ញុំឆ្លើយ តបវិញថា ដោយសារមានតែមួយហ្នឹងហើយទើបអួតបើមានច្រើនចាំបាច់អួតធ្វីអ្វីទៀត។

អរគុណដល់ជនបរទេសដែល បានជួយបង្វឹក និងការជួយឧបត្ថម្ភនានាដែលធ្វើឲ្យវិស័យកីឡារបស់យើងរីកចម្រើន។យើងយកមេដាយពីកម្រិតអាស៊ី និងកម្រិតពិភពលោកតែយើងមិនទាន់បានមេដាយណាមួយ ពីកម្រិតអូឡាពិកនោះទេ។ វីរៈកីឡាការិនី ខាន់ ចេសា មានប្រវត្តិខ្មែរមិនចំ ជាខ្មែរ មិនមែនជាអាមេរិកទៅទៀត រឿងជនជាតិអ្វីមិនសំខាន់ទេ ឪពុកនិង ម្ដាយក៏បាន ចូលសញ្ជាតិអាមេរិកតែចៅមកស្ម័គ្រចិត្តប្រកួតតំណាងឲ្យប្រទេសខ្មែរហើយដណ្ដើមបានមេដាយមាស។

សង្ឃឹមថាចៅនឹងចូលរួមប្រកួត បន្តទៀតក្នុងនាមតំណាងឲ្យកម្ពុជា។ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ក៏ចៅមិនទាន់ ផុតអាយុ ប្រកួតនៅឡើយទេ។កិត្តិយសដែលអ្នកទាំង២ទទួល បាននៅថ្ងៃនេះមិនមែនត្រឹមតែ ជាកិត្តិយសផ្ទាល់ ខ្លួននោះទេ គឺជាកិត្តិយសរបស់ជាតិខ្មែរទាំងមូល។ នេះជាតម្លៃរបស់ជាតិយើងទាំងមូលដែលយើងត្រូវចូលរួមលើកមោទនភាពជាតិ។ ខ្ញុំសង្ឃឹមថា បក្សនយោបាយនានាមិនរើសអើង ដោយគ្រាន់តែសម្ដែងការអបអរនោះទេ ក៏ប៉ុន្តែកន្លងទៅបក្សប្រឆាំង មិនដែល ឃើញអបអរទេ គេខ្លាចអបអរ រាជរដ្ឋាភិបាល សូម្បីតែព្រះមហាក្សត្រនិងសម្ដេច ម៉ែនៅពេលព្រះអង្គទ្រង់ ជ្រាបរឿងនេះទ្រង់សប្បាយព្រះទ័យផងដែរ។

កិត្តិយសជាតិយើងត្រូវបាន លើកដំកើងតាមរយៈការផ្ដាំផ្ញើ កុំប្រើប្រាស់សារធាតុ ហាមឃាត់ដែលបំពានទៅលើច្បាប់។កុំបំពានទៅលើវិធាន នៃការប្រកួតចាញ់ឬឈ្នះដោយកិត្តិយស។យើងត្រូវការមេដាយមាន ច្រើនជាងនេះដើម្បីនាំ កិត្តិយស ជូនជាតិ។គ្រាន់តែយើងកើតមកក្នុងប្រទេសក្រីក្រប៉ុណ្ណោះគេប្រមាថយើង ។ខ្ញុំធុញទ្រាន់ចំពោះការប្រមាថ ពីប្រទេសអ្នកមានណាស់។

ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញ អ្នកឯងគ្រាន់តែសំណាងបាន កើតក្នុងប្រទេសអ្នកមានតែខួរក្បាល អ្នកឯងមិនខ្លាំងជាខ្ញុំប៉ុន្មាន ដែរ ដូនតាយើងកសាងអង្គរបាន។ មានជនបរទេសខ្លះគេបានប្រមាថ មាក់ងាយយើងប៉ុន្តែសួរថា តើគេមានសមត្ថភាព ប៉ុណ្ណាពេលខ្លះមកខ្ញុំត្រូវមាត់ខ្ញុំប្រាវ ។ ខ្ញុំថាអ្នកឯងគ្រាន់តែបានកើតក្នុងប្រទេសអ្នកមាន តែមិនប្រាកដថា អ្នកឯងមាន សមត្ថភាព ខ្លាំងជាមន្រ្តីខ្ញុំទេ។ ដើមអាណត្តិទី៥យើង បានមេដាយមាសមួយនាំ មកដោយស៊ន សៀវម៉ី ដល់ចុងអាណត្តិ បាននាំមកនូវមេដាយមាស ២ទៀត ក្នុងពេលដែលអាណត្តិទី៥នេះ នៅសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ។ អាណត្តិទី៥ គឺជាអាណត្តិដែល យើងធ្វើកំណែទម្រង់ ។

ពិតហើយរាជរដ្ឋាភិបាលក្រយើង បានទទួលប្រាក់កាស ប៉ុណ្ណេះនៅពេល រាជរដ្ឋាភិបាលរីកចម្រើនមាន បានទៅមុខទៀត ក្មួយៗ នឹងទទួលបានប្រាក់ ឧបត្ថម្ភខ្ពស់ទៅតាមនោះដែរ។ ទោះបីអាណត្តិទី៥ ជិតបញ្ចប់តែគេដឹងច្បាស់ហើយថា ហ៊ុនសែន នៅបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ទៀតខណៈពេលនេះកំពុងកាន់ តំណែងជានាយករដ្ឋមន្រ្តីចាត់តាំង ហើយនៅថ្ងៃទី៦ ខាងមុខនេះ នឹងក្លាយជានាយករដ្ឋមន្រ្តីអាណត្តិទី៦។ យើងនឹងបន្តរួមដំណើរ ជាមួយគ្នាដោយគ្មានការ អាក់ខាននោះទេ។

ខ្ញុំនឹងខិតខំនៅ អាណត្តិខាងមុខមើលតាម កំណើនសេដ្ឋកិច្ចសិន ដើម្បីពិនិត្យលើការតំឡើងប្រាក់ឧបត្ថម្ភតែ យើងទៅប្រកួត សំខាន់លើកមុខមាត់ជូនប្រទេសជាតិមិនមែនដើម្បី ប្រាក់នោះទេ។សង្ឃឹមថាខ្មែរ អាចធ្វើបានខ្មែរនឹងធ្វើ។៦៤ឆ្នាំហើយយើង ទើបទទួលបាន៤ មេដាយ មាស៣ និងសំរឹទ្ធ១ កីឡាអាស៊ីអ្នកកត់ទុកជាប្រវត្តិសាស្រ្ត មិនមែនពូចេះតែថាទេ។ ប្រទេស ផ្សេងៗ បានមេដាយមាស ច្រើនហើយគេលែងអួតហើយ ។ ឥឡូវគេសរសេរប្រវត្តិសាស្រ្តពីកម្ពុជាហើយ ។

មានអ្នករិះគន់ខ្ញុំថាចេសា ជាកូនចៅអាមេរិក ហើយលោកហ៊ុនសែនស្អប់អាមេរិក តើលោកហ៊ុនសែនទទួលចេសា ដែរឬទេ? ខ្ញុំមិនដែលស្អប់អាមេរិកពី អង្កាល់តែខ្ញុំស្អប់អាអ្នកឈ្លានពានកម្ពុជាអ្នកណាបញ្ជូនទ័ពចូលកម្ពុជា បំផ្លាញកម្ពុជា។

កាលជំនាន់ឆ្នាំ៧០ មាននិច ស៊ុន និង ឃីស ស៊ីងជ័រ បានទម្លាក់គ្រាប់បែកមកលើកម្ពុជា តើយើងស្អប់និច ស៊ុនទេ បើនិច ស៊ុន ធ្វើបែបហ្នឹងដាក់យើង ។ អាមេរិកបណ្ដុះបណ្ដាលកូនខ្ញុំឲ្យក្លាយជាបណ្ឌិតយោធា និងបណ្ដុះបណ្ដាលអនុបណ្ឌិត ការពារ ជាតិ ដល់ កូនខ្ញុំមួយទៀត គឺ ហ៊ុន ម៉ានីមិនមែនខ្ញុំសុំទេ ។ខ្ញុំមិនបានស្អប់អាមេរិកទេ ប៉ុន្តែជន ជាតិអាមេរិកណា ស្អប់ខ្មែរ វាយខ្មែរ យើងស្អប់ អ្នកឯងអត់រករឿងខ្ញុំ ខ្ញុំអត់រករឿងអ្នកឯង អ្នកឯងចង់ធ្វើមិត្តខ្ញុំ ខ្ញុំចង់ធ្វើមិត្តអ្នកឯង រឿងហ្នឹងមានតែ ប៉ុណ្ណឹង ។កុំស្អប់អាមេរិកអីស្អប់តែអាពួកខូចទៅបានហើយ។ គេថា ចេសា ជាកូនកាត់អាមេរិក ឥឡូវបានមេដាយតើលោក ហ៊ុន សែន ទទួលអត់ ? ខ្ញុំផ្ដាំទៅអាភ្លើ ។

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ បញ្ចប់នៅម៉ោង៧ និង១៩នាទីយប់៕

Facebook Comments

To Top