នយោបាយ

នាយករដ្ឋមន្រ្តី កម្ពុជាមិនស្អប់ ជនជាតិអាមេរិក ទាំងអស់ទេ តែស្អប់អ្នកបំផ្លាញ ខ្មែរ និងធុញទ្រាន់ ការប្រមាថពីប្រទេស អ្នកមាន

ភ្នំពេញ៖ ទោះបីជាទំនាក់ទំនង ការទូតរវាងប្រទេស កម្ពុជានិងសហរដ្ឋអាមេរិក មានភាពរកាំរកូស យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបញ្ជាក់ យ៉ាងច្បាស់ៗ ថាសម្ដេចមិនដែលស្អប់ ជនជាតិអាមេរិកទាំងអស់នោះទេប៉ុន្តែសម្ដេចស្អប់ ជនជាតិអាមេរិករូបណា ដែលធ្លាប់ទម្លាក់គ្រាប់បែក ឈ្លានពាន និងមានបំណងបំផ្លិចបំផ្លាញ កម្ពុជា ជាពិសេសសម្ដេចមាន ការធុញទ្រាន់និងស្អប់ចំពោះការ ប្រមាថមាក់ងាយ ពីសំណាក់ប្រទេសអ្នកមានខ្លាំងណាស់។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុងការ ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជាបានបញ្ជាក់ចំៗឈ្មោះតែម្ដងថា សម្ដេចស្អប់ជនជាតិអាមេរិកដូចជា លោក និច សុន អតីតប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានទម្លាក់ គ្រាប់បំផ្លាញកម្ពុជាកាលពីអំឡុងឆ្នាំ១៩៦៣ដល់ឆ្នាំ ដើមឆ្នាំ១៩៧៥និងជនជាតិ អាមេរិកមួយទៀតដែលមានបំណង បំផ្លាញកម្ពុជា ស្អប់កម្ពុជា។ តែបើចំពោះជនជាតិអាមេរិក ដែលចង់ធ្វើជាមិត្តជាមួយ កម្ពុជា កម្ពុជារីករាយស្វាគមន៍។
សូមរំលឹកថាអាមេរិក បានទម្លាក់គ្រាប់បែក ចាប់តាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥នៅ លើកទឹកដីកម្ពុជា ជិត២លាន៨សែនតោន ហើយបានផ្តាច់ជីវិត ពលរដ្ឋខ្មែរ ជាងកន្លះលាននាក់ ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា” ខ្ញុំដែលស្អប់អាមេរិកពីអង្កាល់ តែខ្ញុំស្អប់អាណាឈ្លានពានកម្ពុជាតែប៉ុណ្ណឹង!​ខ្ញុំអត់ស្អប់អាមេរិក ទេតែអ្នកចង់ឈ្លានពានកម្ពុជាបញ្ជូនទ័ពចូលកម្ពុជា ចង់ផ្ដួលរំលំកម្ពុជាខ្ញុំស្អប់អាហ្នឹង! ខ្ញុំអត់ស្អប់ប្រជាជាតិអាមេរិកទេ វាមានមេដឹកនាំរបស់វា ! ជំនាន់ឆ្នាំ១៩៧០មាន និច សុន​ ទម្លាក់គ្រាប់បែករលាយអស់ស្រុកខ្មែរ ។ អីចឹងតើយើងសសើរ និច សុន ទេ ? ទាំងអស់គ្នាសសើរ និច សុន ទេ ? ប្រជាជនដែលស្លាប់ទៅសសើរនិច សុន ទេ ? ឃីស ស៊ីងជ័រ និងអ្នកដទៃទៀតដែលឆាឆៅកម្ពុជានោះ”។

បន្ថែមលើនេះសម្ដេច បានថ្លែងថាកូនរបស់ សម្ដេចទាំងអស់សុទ្ធ តែសិក្សានៅសហរដ្ឋអាមេរិក ជាពិសេសលោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ថ្នាក់បណ្ឌិតយោធាក្នុងសាលាយោធាដ៏ល្បីឈ្មោះ នៅសហរដ្ឋអាមេរិក ហើយពេលថ្មីៗនេះអាមេរិក បានជួយបណ្ដុះបណ្ដាល លោក ហ៊ុន ម៉ានី តាមរយៈការផ្ដល់អាហារូបករណ៍​ លើថ្នាក់អនុបណ្ឌិតវិស័យការពារជាតិ ទៀតផង។

សម្ដេចបានថ្លែងថា” កូនខ្ញុំទាំងអស់រៀននៅអាមេរិក ទាំងអស់ កូនខ្មែរទី១ដែលចូលសាលាយោធាអាមេរិក គឺកូន ហ៊ុន សែន ហើយអាមេរិកបណ្ដុះបណ្ដាលកូន ខ្ញុំមួយផ្សេងទៀតពីឲ្យចប់អនុបណ្ឌិតខាងវិស័យ ការពារជាតិ គឺ ហ៊ុន ម៉ានី មិនមែនហ៊ុន សែន អ្នកសុំទេ តែអាមេរិកអ្នកឲ្យ”។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មតប បែបនេះទៅកាន់អ្នករិះគន់ថាសម្ដេចស្អប់អាមេរិក។
សម្ដេចបានថ្លែងបន្តថា”អ្នកឯងកុំភ័ន្តច្រឡំខ្ញុំមិនដែលស្អប់អាមេរិកទេក៏ប៉ុន្តែជនជាតិអាមេរិកណាដែលមាក់ងាយខ្មែរ ស្អប់ខ្មែរ បំផ្លាញខ្មែរ វាស្អប់យើង យើងស្អប់វា ។ ហែងវាយអញ អញវាយហែងតែប៉ុណ្ណឹងមានទៅស្អី ។ បើហែងអត់ធ្វើស្អីអញ អញអត់ធ្វើស្អីហែង ។ ហែងចង់ធ្វើមិត្តអញ អញចង់ធ្វើមិត្តហែង នៅលើលោកមានតែប៉ុណ្ណឹង”។

សម្ដេចនាយករដ្ឋមន្រ្តីក៏បាន បង្ហាញពីការធុញទ្រាន់ និងស្អប់ចំពោះប្រទេស អ្នកមានខ្លះដែលប្រមាថ មាក់ងាយមកលើកម្ពុជា ទាំងដែលជនជាតិខ្លួន មួយចំនួនធំមានសមត្ថភាព ចាញ់សម្ដេច និងមន្រ្តីរាជរដ្ឋាភិបាល កម្ពុជាផង។

សម្ដេចតេជោបានថ្លែង បញ្ជាក់ថា” គ្រាន់តែយើងកើតក្នុងប្រទេស ក្រីក្រតែប៉ុណ្ណោះដែលធ្វើឲ្យអ្នកខ្លះ ប្រមាថ មាក់ងាយចំពោះយើង ក៏ប៉ុន្តែខួរក្បាលរបស់គេមិនប្រាកដ ថាពូកែជាងយើងនោះទេ។ ខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ ព្រោះខ្ញុំធុញទ្រាន់នឹងការប្រមាថពីប្រទេសអ្នកមាន ខ្លាំងណាស់។ខ្ញុំសូមផ្ញើសារ ឲ្យអ្នកឯងត្រឡប់ទៅវិញថាអ្នកឯងគ្រាន់តែ មានសំណាងកើតនៅក្នុង ប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែខួរក្បាលអ្នកឯងមិនប្រាកដថា ពូកែជាងខ្ញុំទេ។ ដូនតារបស់ខ្ញុំធ្វើអង្គរវត្តបាន តាំងពីជាង១ ពាន់ឆ្នាំមុន អ្នកឯងត្រូវយល់ តាំងពីជាតិសាសន៍ ខ្លះមិនទាន់បានចាប់ កំណើតជាជាតិសាសន៍ផង”៕ ដោយ៖មង្គល

Facebook Comments

To Top