កីឡា

នាយករដ្ឋមន្រ្តីកំពុងជួប សំណេះសំណាល ជាមួយ កីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងជួបសំណេះសំណាល ជាមួយ កីឡាករ កីឡាការិនី ជ័យលាភី មេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុង ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

សូមជម្រាបថាដំណើរនិវត្តន៍ អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្ម ប្រវត្តិសាស្ដ្រ៦៤ឆ្នាំនេះ មានពិធីទទួលស្វាគមន៍ យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់​ ក្រោយចុះពីលើយន្ដ ហោះផងដែរ។

នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ីនេះមាន ៤៥ប្រទេស ចូលរួមហើយកម្ពុជា បានឈ្នះមេដាយមាស២វិញ្ញាសា ដែលមេដាយមាសទី១ ដណ្តើមបាន ដោយកីឡាការិនីខ្មែរ-អាម៉េរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាម នៃប្រភេទកីឡា ជឺជីតស៊ូ និងមេដាយមាស១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿងទៀត ដណ្តើមបានដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modified និងឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសា Runabout 1100 Stock នៃប្រភេទកីឡាម៉ូតូទឹក។ ចំពោះពិធីបំពាក់មេដាយជាផ្លូវ ការលើប្រភេទកីឡាម៉ូតូទឹកត្រូវបានធ្វើឡើង កាលពីល្ងាច ថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹង ការគោរពភ្លេងជាតិ ការបង្ហូតទង់ជាតិកម្ពុជា ដោយបាន បង្ហាញ ពីកិត្តិយសដ៏ធំធេង និងជា មោទនភាពជាតិលើ ឆាកអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងកម្រិត Asian Games តាមអនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា រួមមានមេដាយ មាស ៨០លានរៀល, មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន ១០០ភាគរយ ស្មើនឹងមេដាយខ្ពស់ បំផុតនៃ កីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយ ទទួល បាន៧០ភាគរយ។

ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ ឧបត្ថម្ភលើកចិត្តបន្ថែម ដោយ មេដាយ មាសទទួលបាន ១០.០០០ដុល្លារ, មេដាយប្រាក់ ៥.០០០ដុល្លារ និងមេដាយ សំរឹទ្ធិ៣.០០០ដុល្លារ៕

Facebook Comments

To Top