ព័ត៌មានជាតិ

ឆ្លើយតបនឹងកំណើនទេសចរ កម្ពុជា ត្រូវការសណ្ឋាគារជាង ១០ម៉ឺនបន្ទប់ នៅទូទាំងប្រទេស នាឆ្នាំ២០៣០

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបាន ទេសចរអន្តរជាតិ ប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ១៣លាននាក់។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា “កម្ពុជា ត្រូវការសណ្ឋាគារ ប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦ម៉ឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិត ជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតបនឹងតម្រូវការកំណើន ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០”។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការព្យាករណ៍ដ៏គួរ ចាប់អារម្មណ៍នេះ ដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ មកពីអគ្គនាយកដ្ឋានវិទ្យុ ភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការ ថតខ្សែភាពយន្ត “ពន្លកស្នេហ៍ រីកលើដីកម្ពុជា” កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ថាម ខេត្តព្រះសីហនុ ។

លោករដ្ឋមន្ត្រី បង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគ លើវិស័យទេសចរណ៍ និងអំពាវនាវឲ្យមាន ការវិនិយោគបន្ថែមទៀត ប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រ ដើម្បីឆ្លើយតប នឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍ នាពេលបច្ចុប្បន្ន និងពេលអនាគត៕

 

 

Facebook Comments

To Top