នយោបាយ

ខួប១ឆ្នាំ នៃការចាប់ខ្លួន លោក កឹម សុខា អតីតមេបក្ស សង្រ្គោះជាតិ

ភ្នំពេញ ៖ អតីតប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០១៧ គិតរហូតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺគម្រប់១ឆ្នាំហើយ ពាក់ព័ន្ធអំពើក្បត់ជាតិ ។

លោក កឹម សុខា ត្រូវអាជ្ញាធរចូលចាប់ខ្លួន នៅកណ្តាលអាធ្រាត កាលពីថ្ងៃទី២ ឈានចូល ដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់លោក ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែន ប្រទេស វៀតណាម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក កឹម សុខា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បាន ឲ្យដឹងថា “៣៦៥ថ្ងៃដ៏អយុត្តិធម៌ យប់នេះគឺគម្រប់១ឆ្នាំនៃការចូលចាប់លោក កឹម សុខា ពីគេហដ្ឋាន ពង្រាត់រូបលោកពីគ្រួសារទាំង កណ្តាលអធ្រាតយ៉ាងឃោរឃៅ”។

ដើមហេតុឈាន ទៅចាប់ខ្លួនលោក កឹម សុខា ផ្អែកទៅលើវីដេអូឃ្លីបជាង១៣នាទី បង្ហាញពី លោក កឹម សុខា នៅអូស្ត្រាលីកាលពីឆ្នាំ២០១៣ ដោយក្នុងវិដេអូនោះ លោកលើក ឡើងពីការ តស៊ូ២០ឆ្នាំ ដើម្បីប្រឆាំងទៅនឹងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងបង្ហាញ ពីយុទ្ធសាស្រ្តក្នុងការ ផ្តួលរំលំរាជរដ្ឋាភិបាល ក្នុងការធ្វើបដិវត្តន៍ពណ៌យក គំរូតាម ប្រទេសមួយចំនួនផងដែរ។

ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យ ដោះលែងលោក កឹម សុខា នៅតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ។

លោកថា “មួយឆ្នាំកន្លងផុតទៅការបន្តឃុំខ្លួន លោកទាំងបំពាន ក្រោមហេតុផលនយោបាយ ដូច្នេះនៅតែទាមទារឲ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក កឹម សុខា ស្ថិតនៅក្នុងក្របខណ្ឌពិរុទ្ធជន នៅឡើយ មិនមែនជាទណ្ឌិតនោះទេ ដូច្នេះគ្មានការលើកលែងទោសទេ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល ក្រោយបើកសួរដេញដោលមេធាវី ការពារក្តីលោក កឹម សុខា បានប្រកាសថា លោក កឹម សុខា នៅតែបន្តជាប់ពន្ធនាគារ ក្នុងរយៈពេល៦ខែទៀត ៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top