ព័ត៌មានជាតិ

ក្រសួងការងារផ្តើមពិភាក្សា ចំនួនប្រាក់ឈ្នួល អប្បបរមា កម្មករឆ្នាំ២០១៩

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធចាប់ផ្តើម បើកកិច្ចប្រជុំពិភាក្សាដើម្បីកំណត់ ប្រាក់ឈ្នួល អប្បបរមាកម្មករ និយោជិត លើវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ ខណៈប្រាក់ខែកម្មករ នឹងអាចកើនជាងឆ្នាំ២០១៨។

ក្រុមសហជីពក៏បានគ្រោងលើកយក តួលេខជាង២០០ដុល្លារ ដើម្បីដាក់ជជែកគ្នា នៅពេលខាងមុខជាមួយភាគីពាក់ព័ន្ធ ផងដែរ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៨ លើកទី១៨ នាព្រឹកថ្ងៃ ៣ កញ្ញា នៅទីស្តីការក្រសួងការងារ ថា ការពិភាក្សាប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករ និយោជិតឆ្នាំ២០១៩ ស្ថិតក្នុងបរិយាកាសថ្មីមួយ បន្ទាប់ពីមានច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា។

រដ្ឋមន្ត្រីឲ្យដឹងថា សម្រាប់ការចរចាប្រាក់ឈ្នួលអប្បបរមានេះ ក៏បានធ្វើតាមយន្តការដូចជា ការចរចាកន្លងមកដែរ ដោយមានការចូលរួមពីត្រីភាគី គឺតំណាងកម្មករនិយោជិត១៦រូប តំណាងនិយោជក១៦រូប និងតំណាងរាស្ត្ររដ្ឋាភិបាល ១៦រូប ។

លោកបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា កិច្ចប្រជុំថ្ងៃនេះ គឺជាសារដ៏ល្អមួយដល់បងប្អូនកម្មករ និងសាធារណជនចង់ដឹង ហើយខ្ញុំក៏សង្ឃឹមថា ការចរចាឆ្នាំនេះ នឹងប្រព្រឹត្តិទៅដោយរលូន ក្នុងការស្ថាបនា និងស្មារតីជាក់លាក់ ដូចអ្វីដែល ធ្លាប់កន្លងមក”។

សម្រាបចំនួនប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩ មិនត្រូវបានលោករដ្ឋមន្ត្រី អ៊ិត សំហេង អះអាងថា មានចំនួនប៉ុន្មានពិត ប្រាកដ នោះទេ ប៉ុន្តែលោកគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថាមានការវិវត្តន៍ឡើងនៃការចរចាប្រាក់ឈ្នួល ហើយសង្ឃឹមថាឆ្នាំនេះ នឹងមានវឌ្ឍន ភាពកើនឡើងនៃប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០១៩ខាងមុខ បើធៀបនឹងឆ្នាំ២០១៨”។

ចំណែកលោកឧកញ៉ា ណាង សុធី អនុប្រធានគណៈកម្មការប្រឹក្សាការងារ និងជាតំណាងភាគីនិយោជក បានលើកឡើងថា ការចរចាប្រាក់ឈ្នួល អប្បបរមាឆ្នាំ២០១៩ ក្រសួងការងារតំណាង ឲ្យរាជរដ្ឋាភិបាល នឹងកំណត់ប្រាក់ឈ្នួល អប្បបរមា មួយល្អ ដែលទទួលយកបានពីនិយោគជិក និងនិយោជក ដើម្បីនិយោជកអនុវត្ដន៍ តាមការកំណត់ របស់រាជរដ្ឋាភិបាល។

លោកឧកញ៉ាក៏បានស្នើ រាជរដ្ឋាភិបាលកំណត់ការផ្ដល់ប្រាក់សោធន៍ធន និងប្រាក់ធានា សុខភាពរបស់កម្មករ ដែលទទួល បន្ទុករបស់និយោជក ក្នុងការពារដល់កម្មករដោយនិយោជន៍ មានលទ្ធភាពធ្វើបាន តាមគោលនយោបាយ របស់ រាជរដ្ឋាភិបាល។

ខណៈក្រុមការងារ បានកំពុងពិភាក្សា ចំនួនប្រាក់ឈ្នួលយ៉ាងណាក្តី លោករដ្ឋមន្ត្រីក្រសួងការងារអះអាងថា នឹងពន្លឿន ការចរចាប្រាក់ឈ្នួលឲ្យ ចប់នាចុងខែកញ្ញានេះមុនពិធីបុណ្យភ្ជុំបិណ្យ ធ្វើយ៉ាងណាឲ្យមានលក្ខណៈល្អជាង ឆ្នាំ២០១៨ ដើម្បីផ្ដល់ប្រាក់ឈ្នួលអប្បបរមាដែល អាចទទួលយកបាន។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខៅឌូ) បានឲ្យដឹង នាពេលថ្មីៗនេះថា សហជីពលោកគ្រោងលើក យកតួលេខ ជាង២០០ដុល្លារ ដើម្បីដាក់ជជែកគ្នា នៅពេលខាងមុខ។ លោកថា នៅថ្ងៃ៦ កញ្ញា ក្រុមសហជីពនឹងបើកកិច្ចប្រជុំដាក់តួលេខ ជាផ្លូវការមួយ ដើម្បីដាក់សំណើរ ទៅកាន់រាជរដ្ឋាភិបាល ពិសេសក្រសួងការងារ ។ យ៉ាងណាក្តីលោកនៅតែ ប្រកាន់ជំហរសម្រាប់តួលេខ ដែលនឹងចរចា ស្ថិតក្នុងរង្វង់ជាង២០០ដុល្លារដោយ គ្មានការកែ ប្រែឡើយ ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ ផ្សេងៗដល់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ចំនួន១៤លើក ដោយកើនពី៣០ដុល្លារ ក្នុងឆ្នាំ១៩៩៧ ដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨។ ឆ្នាំ២០១៨ បូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករម្នាក់ៗទទួលបានប្រាក់ឈ្នួល ចាប់ពី១៨៧ដុល្លារ ទៅ១៩៨ដុល្លារក្នុងមួយខែ។

បន្ថែមលើនេះ បើគិតត្រឹមថ្ងៃ១ ខែមករា ឆ្នាំ២០១៨ កម្ពុជាមានប្រាក់ឈ្នួល អប្បបរមាខ្ពស់ ជាងប្រទេសនាំចេញផលិតផល កាត់ដេរ និងផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងដូចជា ៖ ប្រទេសបង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្កា (៦៧ដុល្លារ) ឥណ្ឌា (៧៧ ដល់១៤៣ដុល្លារ) មីយ៉ាន់ម៉ា (៧៩ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ឡាវ (១១០ដុល្លារ) តំបន់មួយចំនួននៃ ប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាមផងដែរ ៕
ដោយ៖ ស សំណាង

Facebook Comments

To Top