នយោបាយ

អតីតCNRP៖ មរតកវប្បធម៌ខ្មែរ ត្រូវគេលួចឆក់ប្លន់គ្មានត្រាប្រណី ក្រោយថៃអះអាងថា ល្ខោនខោល ជារបស់គេ

ភ្នំពេញ៖ ក្រោយពីល្ខោនខោលដែលជនរួមជាតិខ្មែរដឹងថា ជាសម្បត្តិវប្បធម៌របស់ខ្មែរ កំពុងមានការប្រទាញ

ប្រទងជាមួយថៃ ដោយមានអខោន ហ្វេសប៊ុកមួយបានលើកឡើងថា ជារបស់ថៃដោយថៃទាមទារឲ្យអង្គការ យូណេស្ កូ(UNESCO) ដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោកថា មានដើមកំណើតជារបស់ថៃនោះ លោក យ៉ែម បុញ្ញឬទ្ធិ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ(CNRP) បានថ្លែងថា មរតកវប្បធម៌ខ្មែរ ត្រូវគេលួចឆក់ប្លន់គ្មានត្រាប្រណី។

លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងក្នុងហ្វេសប៊ុកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ថា “ទឹកដីខ្មែរធំទូលំទូលាយ ប្រាង្គប្រាសាទ មរតកវប្បធម៌សម្បូរបែប តែក្រោយសម័យមហានគរ ខាងកើតក៏បាត់ ខាងលិចក៏បង់ ទឹកដីរួមតូច គេលួចឆក់ប្លន់គ្មានត្រាប្រណី”។

លោកថា ពេលណាទើបសិល្បករខ្មែរ មន្ត្រីខ្មែរ រាស្ត្រខ្មែរ ឈប់ជេរប្រមាថ លាបពណ៌មួលបង្កាច់ ញុះញង់រើសអើង បំបែកបំបាក់សង្គមជាតិ ងាកមកនាំគ្នីគ្នាគ្នាន់គ្នេរ គិតរិះរេថែរក្សាសម្បត្តិមរតកវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណ ជាតិខ្មែរយើង?

លោកក៏អរគុណដល់លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: ពីមួយជំនាន់ទៅមួយ ជំនាន់បានបង្ហាត់បង្រៀន ហាត់រៀន ជ្រោងឡើងវប្បធម៌ជាតិខ្មែរ។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់កាលពីពេលថ្មីៗ ថាកម្ពុជាគ្មានការ​ ព្រួយបារម្ភឡើយ​ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋាន គ្រប់គ្រាន់ដែលបញ្ជាក់ថាល្ខោនខោល ជារបស់ខ្មែរជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការ យូណេស្កូមុនថៃទៀត។

លោកបានអះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះ ពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

លោក ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមគឺជាព័ត៌មាន គ្មានមូលដ្ឋាន ហើយអ្នកបង្ហោះ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឲ្យបាន ច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា ចំពោះបញ្ហាការ សម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថាជារបស់ប្រទេស ណាមួយនោះពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការស្ងប់ស្ងាត់និងរង់ចាំលទ្ធផល ផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរចេញពី អង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។ អង្គការយូណេស្កូ នឹងប្រកាសសម្រេចជា ផ្លូវការនៅ ចុងឆ្នាំ២០១៨។

សូមជម្រាបថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៥។ ទន្ទឹមនេះ កាលពីឆ្នាំ ២០១៥ ក្រសួងវប្បធម៌ក៏បានបញ្ជូនឯកសារ ចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅអង្គការ យូណេស្កូ កាលពីឆ្នាំ ២០១៦។ ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top