ព័ត៌មានជាតិ

វិទ្យាស្ថានកម្ពុជា បច្ចេកវិទ្យាជប៉ុន ឲ្យសិស្សសិក្សាមិនគិតថវិកា

ភ្នំពេញ៖ នាយកវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន លោក អ៊ិស៊ិករី អេអ៊ិជិ បានបញ្ជាក់ ថា វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុនអនុញ្ញាតឲ្យសិស្សានុសិស្ស ដែលចាប់អារម្មណ៍ ការ សិក្សាភាសាជប៉ុនមិនយកថវិកា ដើម្បីស្រូបចំណេះវិជ្ជាហើយទៅធ្វើការងារ នៅជប៉ុន ផ្នែកថែទាំចាជរា។

វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន មានដេប៉ាតឺម៉ង់ធំៗចំនួន៣ គឺដេប៉ាតឺម៉ង់ថែទាំចាស់ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ និងដេប៉ាតឺម៉ង់ភាសាជប៉ុន។

ក្នុងកម្មវិធីបើកសម្ពោធវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ លោក អ៊ិស៊ិករី អេអ៊ិជិ បានឲ្យដឹងថាកម្ពុជាសំបូរទៅដោយ ប្រជាជនវ័យក្មេងច្រើនជាងគេ នៅលើពិភពលោកដូច្នេះវិទ្យាស្ថាន ចង់ប្រមូលម្ដុំធនធានមនុស្សកម្ពុជា ដើម្បីសិក្សាភាសាជប៉ុន។

លោក អ៊ិស៊ិករី អេអ៊ិជិ មានប្រសាសន៍ថា “ចឹងទាក់ទងការសិក្សានៅវិស្ថានរបស់យើងខ្ញុំ គឺអត់តម្រូវឲ្យពួកគាត់បង់លុយទេ គឺរៀនដោយមិនយកលុយ។ ដោយសារតែខាងសមាគមនៅប្រទេសជប៉ុន ចេញអាហារូបករណ៍នៅទីនេះបាន។សិស្សានុសិស្សចង់រៀននៅវិទ្យាស្ថាននេះ មិនមានលក្ខខណ្ឌច្រើននោះទេ”។

លោកបន្ដថា សម្រាប់វគ្គសិក្សាដំបូង ទទួលសិស្សចំនួន១៦០នាក់ ។ រយៈពេល២ឆ្នាំសិក្សានៅក្នុងវិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ហើយបន្ទាប់មកទៅធ្វើកម្មសិក្សានៅជប៉ុនចំនួន២ឬ៣ឆ្នាំទៀត និងមានឱកាសធ្វើការនៅជប៉ុនតែម្តង។

ចំណែកតំណាងក្រុមហ៊ុន JQC លោក ហូសូយ៉ា គីយ៉ូស៊ី ថា ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជាខាងវិទ្យាស្ថាននឹង ខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ក្នុងការអភិវឌ្ឍមុននឹងបណ្តុះធនធានមនុស្ស ដែលអាចចេញទៅប្រឡូកក្នុងឆាកអន្តរជាតិបាន។
ជប៉ុនជាសង្គមមួយដែលសម្បូរមនុស្សចាស់ និងមានជំនាញខាងថែទាំមនុស្សចាស់ ដូច្នេះលោកចង់បណ្តុះបណ្តាលេជំនាញផ្នែកថែទាំចាស់ជរា ដល់ប្រជាជនវ័យក្មេងកម្ពុជា។

អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក មឺឌី ស៊ីវ បានបន្ថែមថា វិទ្យាស្ថានកម្ពុជាបច្ចេកវិទ្យាជប៉ុន ត្រូវបានក្រសួងអប់រំប្រកាសទទួល ស្គាល់កាលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ មុខជំនាញទាំងអស់នេះ នឹងក្លាយទៅជាមុខជំនាញដែលមិនអាចខ្វះបាន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងស្របទៅតាមគោលនយោបាយ ក្នុងការលើកកម្ពស់ ការអប់រំរបស់កម្ពុជាថែមទៀតផង។

លោកបន្ដថា បើមើលពីស្ថានភាពរបស់ពិភពលោកបច្ចុប្បន្ន បញ្ហាកើនឡើងនូវចំនួនមនុស្សចាស់ និងការថយចុះនៃចំនួនប្រជាជនគឺជាបញ្ហាមួយដែល មិនអាចជៀសវាងបាន។ ស្របទៅនឹងបញ្ហានេះដែរ ការថែទាំមនុស្សចាស់ជរា គឺជារឿងដ៏សំខាន់មួយដែលមិនអាចខ្វះបានផងដែរ។

កម្ពុជា ជាប្រទេសដែលសំបូរដោយប្រជាជនវ័យក្មេងច្រើន ដូច្នេះប្រហែលជាប្រជាជនភាគច្រើនមិនសូវស្គាល់ថា អ្វីទៅជាការថែទាចាស់ជរា ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោក នៅឆ្នាំ២០១៥ បានឲ្យដឹងថាកម្ពុជាកំពុងឈានចូលទៅក្នុងសង្គមមនុស្សចាស់ដែលចំនួនមនុស្សចាស់ នឹងកើនឡើងដល់៧% នៃចំនួនប្រជាជនសរុបអស់ ហើយនៅរយៈពេល២០ឆ្នាំតទៅមុខទៀតកំណើនប្រជាជននឹងថយចុះ។ដូច្នេះការសិក្សាអំពី ការថែទាំ ចាស់ជរានៅកម្ពុជា គឺជារឿងដ៏សំខាន់សម្រាប់ត្រៀមទៅពេលអនាគតខាងមុខ៕

ដោយ៖​ ដើមអម្ពិល

Facebook Comments

To Top