កីឡា

ប្រមូលកីឡាជនពិការ ចំនួន៦ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ ASIAN Para Games

ភ្នំពេញ៖ លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៨ បានចូលរួមពិធីប្រកាសប្រមូលផ្ដុំ កីឡាជនពិការចំនួន៦ប្រភេទ ដើម្បីត្រៀមចូលរួមប្រកួត កីឡាអាស៊ីជនពិការ (ASIAN Para Games) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

លោក យី វាសនា អគ្គលេខា នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម នឹងចាប់ផ្ដើម ពីថ្ងៃទី១ ដល់ទី១៤តុលា នាប្រទេសឥណ្ឌូនេស៊ី ។

កម្ពុជាបានសម្រេច ប្រមូលផ្ដុំកីឡាចំនួន៦ប្រភេទ រយៈពេលមួយខែ ដែលកីឡាទាំង៦ប្រភេទនោះ មានហែលទឹក អត្តពលកម្ម បាញ់ធ្នូ វាយកូនឃ្លីលើតុ បាល់បោះនារីជិះរទេះ និង ប៊ូលីង ។

កីឡាទាំង៦ប្រភេទនេះមាន៤៦វិញ្ញាសា និងមានអត្តពលិកចំនួន២៩រូប តែបើគិតទាំងប្រតិភូ មានសរុប៤៥រូប ក្នុងនោះមួយរូប ជាមន្ត្រីមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។កម្ពុជាបានចូលរួមក្នុងការប្រកួត កីឡាជនពិការអាស៊ីនេះ តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ហើយមកទល់ពេលនេះ កីឡាជនពិការដណ្ដើមបានមេដាយ សរុបចំនួន១៥៩គ្រឿងដែលក្នុង នោះមេដាយមាស២២គ្រឿង ប្រាក់៧៨គ្រឿង និងសំរិទ្ធ៥៩គ្រឿង ។

ជាមួយនឹងការប្រកាស ប្រមូលផ្ដុំនេះលោក យី វាសនាបានសំណូមពរដល់លោករដ្ឋមន្ត្រី សុំហ្វឹកហាត់ប្រភេទកីឡាមួយចំនួន ក្នុងទីលាននានា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកពិសេស ប្រភេទកីឡាហែលទឹក អត្តពលកម្ម បាល់បោះ នារីជិះរទេះ និងប្រភេទកីឡាមួយចំនួនទៀត ។

លោកហង់ជួន ណារ៉ុន បានយលព្រមនិងប្រកាសថាថវិកាបំប៉ន សម្រាប់កីឡាជនពិការ ដូចគ្នានឹងថវិកា បំប៉នកីឡាជម្រើសជាតិធម្មតា ប្រាក់រង្វាន់មេដាយក៏ដូចគ្នា ។

លោករដ្ឋមន្ត្រី ក៏សុំឲ្យគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា អនុញ្ញាតឲ្យមន្ត្រី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចូលរួមជាមួយ ដើម្បីស្រាវជ្រាវ មើលពីប្រភេទកីឡានានា របស់ប៉ារ៉ា ឡាំពិកដើម្បីឲ្យដឹងថា ប្រភេទកីឡាណាយើងមានសក្ដានុពល ដើម្បីយើងបង្កើន ប្រភេទកីឡាឲ្យបានច្រើនត្រៀមឆ្នាំ ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកីឡា នៃក្រសួងអប់រំយុវជន និង កីឡាអះអាងពីការជួយសម្រួល ដល់កិច្ចការទាំងឡាយរបស់ប៉ារ៉ាឡាំពិក ៕

ដោយ៖ លី ភីលីព

Facebook Comments

To Top