អន្តរជាតិ

កូឡំប៊ីនិយាយថា ពួកឧទ្ទាមត្រូវតែដោះលែងអ្នកត្រូវចាប់ខ្លួន ដើម្បីឲ្យកិច្ចពិភាក្សាសន្តិភាពបន្តទៅមុខ

បរទេស៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បាននិយាយថា ពួកឧទ្ទាមម៉ាក្សនិយម ELN នៃប្រទេសកូឡំប៊ី ត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់១៩នាក់ នៅមុនពេលលោកប្រធានាធិបតី Ivan Duque ដែលកំពុងធ្វើការវាយតម្លៃ កិច្ចពិភាក្សាសន្តិភាពជាមួយក្រុមឧទ្ទាម នឹងបន្តធ្វើកិច្ចពិភាក្សាចរចាគ្នា។

លោក Miguel Ceballos ជាឧត្តមស្នងការទទួលបន្ទុកសន្តិភាពរបស់រដ្ឋាភិបាល បាននិយាយក្នុងបទសម្ភាសន៍មួយថា អ្នកត្រូវចាប់ជម្រិតទាំងអស់នោះ គឺមិនមែនត្រឹមតែអ្នកត្រូវចាប់ជម្រិត៩នាក់ កាលពីឆ្នាំមិញនោះទេ ត្រូវតែដោះលែង ហើយវាត្រូវតែធ្វើឡើងឲ្យបានឆាប់”។

គួរបញ្ជាក់ថា ពួកឧទ្ទាមកងទ័ពរំដោះជាតិ ហៅកាត់ថា ELN បានធ្វើការចរចាគ្នា ជាមួយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Juan Manuel Santos ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ហើយកិច្ចចរចាជុំខាងក្រោយ ប្រារព្ធធ្វើនៅក្នុងប្រទេសគុយបា បានចប់នៅថ្ងៃទី០១ ខែសីហា។

ចំណែកលោក Duque ដែលឡើងកាន់តំណែងនៅថ្ងៃទី០៧ ខែសីហា បាននិយាយថា ពួកឧទ្ទាមត្រូវតែបញ្ចប់អំពើហិង្សានិងទង្វើឧក្រិដ្ឋកម្មទាំងអស់ ដើម្បីឲ្យកិច្ចចរចានោះបានបន្តទៅមុខទៀត៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top