X

កូរ៉េខាងជើង កំពុងត្រៀមរៀបចំធ្វើ ព្យុហយាត្រាយោធា

បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា ប្រទេសកូរ៉េខាងជើង ត្រៀមធ្វើព្យុហយាត្រាយោធាមួយផ្សេងទៀត ស្របពេលមានក្តីព្រួយបារម្ភថ្មី ដែលកើតឡើងពីកិច្ចប្រឹងប្រែងការទូត លើការលុបបំបាត់អាវុធនុយក្លេអ៊ែ ប៉ុន្តែអ្នកវិភាគនិយាយថា វានៅមិនប្រាកដទេថាកូរ៉េខាងជើងនឹង បង្ហាញមីស៊ីលផ្លោងដ៏ធំបំផុតណាមួយរបស់ប្រទេសដែរឬក៏អត់នោះទេ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម ប្រមូលបានដោយក្រុមហ៊ុន Planet Labs Inc. អ្នកវិភាគនិយាយថា ព្យុហយាត្រាយោធាក្នុងខែកញ្ញានេះ ទំនងជាប្រហាក់ប្រហែលគ្នា នឹងព្យុហយាត្រាមួយដែលធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានសញ្ញានៃមីស៊ីលផ្លោងឆ្លងទ្វីប ដែលគេជឿថា មានសមត្ថភាពអាចវាយប្រហារដល់អាមេរិកនោះទេ។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កំពុងតែរៀបចំធ្វើព្រឹត្តិការណ៍ចម្បងជាច្រើន នៅថ្ងៃទី០៩ ខែកញ្ញាសម្រាប់ពិធីគម្រប់ខួបលើកទី៧០ឆ្នាំនៃការបង្កើត ប្រទេស រួមមានទំាងក្បួនព្យុហយាត្រាយោធា ដំណើរទស្សនកិច្ចធ្វើដោយគណៈប្រតិភូបរទេស និងការសម្តែងក្បាច់រាំដ៏ធំ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ៕

ប្រែសម្រួល៖ ប៉ាង កុង