ព័ត៌មានជាតិ

កូនប្រុសសម្តេច ស ខេង ឲ្យពលរដ្ឋរាយការណ៍ ចំណុចខុសឆ្គងរបស់មន្ត្រី គណបក្សប្រជាជនកម្ពុជា

ព្រៃវែង៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាកូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យពលរដ្ឋរាយការណ៍ ពីចំណុចខុសឆ្គងរបស់មន្ត្រី គណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សមួយដែលល្អឥតខ្ចោះនោះទេប៉ុន្តែគណបក្សបានលើផ្លូវត្រូវច្រើនជាងខុស។

លោកបន្តថា “អីចឹងសូមបងប្អូន ពុក ម៉ែ មាមីង ឃើញថា ខុសនិយាយថាខុស ឃើញថាត្រូវ កុំទុកដល់ពេលគូសសន្លឹកឆ្នោតគូសឲ្យធ្លាក់ ឬអត់គូស ដូច្នេះសុំប្រាប់ឲ្យត្រង់ ថាខុសនិយាយ ខុសត្រូវនិយាយត្រូវ”។

លោកឲ្យដឹងថា ថ្ងៃទី៥ ខកញ្ញា ខាងមុខ ក្រោមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ បេក្ខជនសមាជិករដ្ឋសភាចំនួន១២៥របស់គណបក្សប្រជាជន កម្ពុជា នឹងចូលប្រជុំលើកដំបូងសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ហើយនៅរសៀលថ្ងៃដដែល សមាជិកទាំងអស់ចូលស្បថក្នុងព្រះបរមរាជវាំង។

លោក ស សុខា ក៏បានបញ្ជាក់ពីខ្លឹមសារនៃការស្បថរបស់សមាជិកសភាមានច្រើនករណីប៉ុន្តែលោកបានលើក៣ចំណុចប្រាប់ប្រជាពលរដ្ឋ ទី១.សោះស្ម័គ្រជាមួយពលរដ្ឋខ្លួនឯង , ទី២. ថែរក្សាដែនដីរបស់ខ្លួន ឬព្រំប្រទល់និង ទី៣.ស្នេហាជាតិ៕

ដោយ៖ ស សំណាង

Facebook Comments

To Top