ព័ត៌មានជាតិ

សាកលវិទ្យាល័យ អារីហ្សូណា របស់អាមេរិក ទទួលនិស្សិត ឱ្យចូលរៀននៅ ភ្នំពេញ

ភ្នំពេញ៖ សាកលវិទ្យាល័យដ៏ល្បី មួយរបស់អាមេរិក បានប្រកាសនៅថ្ងៃសុក្រនេះថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និស្សិតខ្មែរអាច ចុះឈ្មោះ ចូលរៀនថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅកម្ពុជាបាន ដោយពុំចាំបាច់ចំណាយថវិកា ដ៏សន្ធឹកសន្ធាប់នៅ អាមេរិកទៀតឡើយ ។

លោកស្រី Hillary Vance នាយិកាសាខាសាកលវិទ្យាល័យ អារីហ្សូណា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា “ជំនួសឱ្យការត្រូវទៅសិក្សាដោយ ផ្ទាល់នៅសហរដ្ឋអាមេរិក ចាប់ពីពេលនេះតទៅ និស្សិតមកពីគ្រប់ទិសទីអាចចូលរៀន និងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា ដោយចំណាយថ្លៃសិក្សាតិចជាងការត្រូវ ទៅសិក្សាដោយ ផ្ទាល់នៅសហរដ្ឋអាមេរិក”។

កម្មវិធីសិក្សាដែលនិស្សិតអាស៊ីជាច្រើនទន្ទឹងរង់ចាំ ជាយូរមកហើយនោះ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការ អប់រំរវាងសាកល វិទ្យាល័យអារីហ្សូណា (UA) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដើម្បីឱ្យនិស្សិតខ្មែរក៏ដូចជា និស្សិតមកពីប្រទេសផ្សេងៗទៀតក្នុងតំបន់ឱ្យមកទទួលយកការអប់រំ លើកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree) នៅទីក្រុងភ្នំពេញរបស់កម្ពុជា។

AUPP ជាសាកលវិទ្យាល័យទី១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានសហការជាមួយ សាកលវិទ្យាល័យអារីហ្សូណា លើកម្មវិធី សញ្ញាបត្រពីរ (Dual Degree) ហើយក៏ជាលើកទី១ដែរដែល សាកលវិទ្យាល័យអារីហ្សូណា បានបង្កើតសាខារបស់ខ្លួន នៅអាស៊ីនៅក្នុងសាកលវិទ្យាល័យ AUPP ក្នុងប្រទេសកម្ពុជា ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ អ៊ីម៉េល៖ uaphnompenh@arizona.edu ចូលទៅកាន់ www.arizona.edu.kh ឬ Facebook: UA Phnom Penh៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top