ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ដឹកនាំក្រុមការងារ ថ្លែងអំណរគុណ ដល់កងកម្លាំង ទាំងបីប្រភេទ នៅស្រុករំដួល

ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកអចិន្រ្តៃយ៍ នៃគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ CPP ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះថ្លែងអំណរគុណ ដល់កងកម្លាំង ទាំងបី ប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធាស្រុករំដួល ខេត្តស្វាយរៀង ដែលបានខិតខំ ការពារសន្តិសុខ បានយ៉ាងល្អ ក្នុងពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ ធ្នាប់នៅមូលដ្ឋាន ។

ថ្លែងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានពាំនាំនូវការសាកសួរ សុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ជូនដល់កងកម្លាំង ទូទាំងស្រុករំដួលផងដែរ។ និងបានកោតសសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំងទាំងបីប្រភេទ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្តក្នុងការបំពេញ ភារកិច្ចបានយ៉ាងល្អក្នុងមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន អាសនៈ ដ៏ច្រើនលើសលប់ក្នុង អាណត្តិ ទី៦នេះ រហូត១២៥អាសនៈ។

លោកស្រីក៏បានលើកឡើងអំពីគំរូវីរៈភាព ដ៏អង់អាចក្លាហានរបស់សម្តចតេជោ ហ៊ុន សែន ក្នុងបេសកម្មជូនជាតិមាតុភូមិ ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេ អោយមាន ការរីកចម្រើន លើគ្រប់វិស័យជាពិសេសបាននាំមកសុខសន្តិភាព ដ៏ត្រចះត្រចង់ជូន ប្រទេសជាតិ បានបង្រួបបង្រួមជាតិតែមួយ ខ្មែរតែមួយ ។

លោកស្រីបានបញ្ជាក់ថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាល និងបន្តកការងារអភិវឌ្ឍប្រទេស អោយកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ទៀតនិងបង្កើតរោងចក្រសហគ្រាស ជាច្រើនទៀតនៅខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្របង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។

ហើយប្រជាពលរដ្ឋនៅតែជឿជាក់ នៅការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បាននាំគ្នាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឈ្នះដ៏ច្រើនលើសលប់ និងសូមសំណូមពរ ឲ្យកម្លាំងទាំងអស់ត្រូវយចិត្តទុក ដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយក្នុងការរក្សា សណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវ ទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យ៕

ដោយ ៖ ដានុត

Facebook Comments

To Top