អន្តរជាតិ

មេដឹកនាំពួកបះបោរ អ៊ុយក្រែន គាំទ្រដោយរុស្ស៊ី ស្លាប់ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់ នៅហាងកាហ្វេ

បរទេស៖ យោងតាមប្រភពព័ត៌មានថ្មីមួយ ពីកាសែតសហរដ្ឋអាមេរិក UPI ចុះផ្សាយនៅថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីក្នុងតំបន់បាននិយាយថា ការបំផ្ទុះគ្រាប់នៅតៀម កាហ្វេមួយ កន្លែង នៅប្រទេសអ៊ុយក្រែនភាគខាងកើត បានសម្លាប់មេដឹកនាំពួកបះបោរ គាំទ្រដោយ រុស្ស៊ីម្នាក់ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ការបំផ្ទុះគ្រាប់ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែនភាគខាងកើត បានសម្លាប់លោក Alexander Zakharchenko វ័យ៤២ឆ្នាំ ដែលចាត់ទុកខ្លួនឯងជា នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាមានិត Donetsk ជារដ្ឋបំបែកខ្លួនមួយគាំទ្រដោយរុស្ស៊ី តែអ៊ុយក្រែនចាត់ទុកសាធារណរដ្ឋបំបែកខ្លួននេះ ថាជាក្រុមភេរវកម្ម។

ចំណែក លោក Alexander Timofeev ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាមានិត Donetsk  នេះ តាមសេចក្តីរាយការណ៍ បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ។

គួរបញ្ជាក់ថា កងកម្លាំងសន្តិសុខ បានចាប់ខ្លួនជនជាតិអ៊ុយក្រែនមួយចំនួន ដែលជាប់សង្ស័យ ពីបទបំផ្ទុះគ្រាប់បែកសម្លាប់មេដឹកនាំពួកបះបោរនេះ ហើយក្រសួងការបរទេសរុស្ស៊ី បានចោទ ប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការ វាយប្រហារបំផ្ទុះគ្រាប់នេះ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top