ព័ត៌មានជាតិ

ពលរដ្ឋជិត ៣០០គ្រួសារ សុំអន្តរាគមន៍ពីមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ឲ្យចាត់មន្រ្តីជំនាញចុះវាស់វែង និងចុះបញ្ជីក្បាលដី នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋជិត ៣០០គ្រួសារ និង លោកស្រី ហ៊ឹម សុវណ្ណរី បានស្នើសុំអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ កណ្ដាលចុះជួយខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី ឲ្យចាត់មន្រ្តីជំនាញចុះវាស់វែង និងចុះបញ្ជីក្បាលដីដើម្បី ចេញប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ដីធ្លីឲ្យពួកគាត់ដែលជា ប្រជាពលរដ្ឋកំពុងរស់ នៅស្របច្បាប់នៅក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមលិខិតចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ របស់តំណាងប្រជាពលរដ្ឋ ២៧០គ្រួសារ សុំអន្តរាគមន៍ពីនាយឧត្តម សេនីយ៍ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តព្រះសីហនុ និងជាបេក្ខភាពតំណាងរាស្រ្ត មណ្ឌល ខេត្តព្រះសីហនុ បានឲ្យដឹងថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ ដែលរស់នៅស្របច្បាប់ក្នុងក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សូមស្នើសុំឯកឧត្តម (នាយឧត្តមសេនីយ៍ ប៉ុល សារឿន ) មេត្តាពិនិត្យ និងស្នើសុំជួយអន្តរាគមន៍ លុបលិខិតលេខ១០៣១ ស.ជ.ណ ចុះថ្ងៃទី១៨ ខែ តុលាឆ្នាំ២០១៧ ព្រោះលិខិតនេះធ្វើឲ្យ ប៉ះពាល់ដល់ផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលយកការ ដោះស្រាយគោល នយោបាយ ដីធ្លីពីលោកស្រី ហ៊ឹម សុវណ្ណរី និងប៉ះពាល់ដល់ជីវភាព ការរស់នៅប្រចាំថ្ងៃ របស់យើងខ្ញុំទាំងអស់គ្នាយ៉ាងខ្លាំង ព្រោះអាជ្ញាធរខេត្តតែងតែដឹកនាំ កម្លាំងចម្រុះផ្សេងៗមកបង្កការរំខាន និងគំរាមកំហែងដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ រំខានដល់ការ ប្រកបមុខរបរចិញ្ចឹមជីវិត រំខានដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ផ្ទះសម្បែង ដើម្បីឲ្យបានរស់ នៅ សមរម្យនឹងគេ ដោយអាជ្ញាធរខេត្ត យកលេសលិខិតលេខ១០៣១ សជណ របស់ទីស្ដីការ គណៈរដ្ឋមន្រ្តី មកអនុវត្តលើទីតាំងដី របស់ពួកយើងខ្ញុំទាំងអស់គ្នា ទាំងបំពានច្បាប់ ។

លិខិតសុំអន្តរាគមន៍ដដែល បានឲ្យដឹងបន្ថែមថា ដីដែលពួកយើងខ្ញុំទាំងអស់ គ្នាបានកាន់កាប់អាស្រ័យផលនេះ គឺបានមកពីការដោះស្រាយ គោលនយោបាយដីធ្លីដោយស្របច្បាប់ ដែលមានការទទួលស្គាល់ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត ក៏បានចូលរួមក្នុងការ ប្រគល់-ទទួលការដោះស្រាយ គោលនយោបាយដីធ្លីនេះដែរ ។

លិខិតឲ្យដឹងបន្តថា ”យើងទាំងអស់គ្នាស្នើសុំ នាយឧត្តមសេនីយ៍ ប៉ុល សារឿនមេត្តាជួយអន្តរាគមន៍ ដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដើម្បីចុះមកវាស់វែង និងចុះបញ្ជីក្បាលដីដើម្បី ចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុឲ្យពួកយើង ខ្ញុំទាំងអស់គ្នា ដែលរស់នៅស្របច្បាប់ នេះផង” ។

ជាងនេះទៅទៀតប្រជាពលរដ្ឋទាំងអស់ ក៏បានសំណូមពរដល់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ឲ្យអន្តរាគមន៍ទៅអាជ្ញាធរ ខេត្តដើម្បីតបណ្ដាញទឹក ភ្លើង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្សេងជូនពួកគាត់បាន ប្រើប្រាស់ឲ្យសមរម្យផង ។

ពាក់ព័ន្ធករណីនេះ លោកស្រី ហ៊ឹម សុវណ្ណរី ដែលជាភាគីផ្ដល់ការដោះស្រាយ គោលនយោបាយដីធ្លីជូន ប្រជាពលរដ្ឋក្នុងក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានសរសេរលិខិតស្នើសុំ កិច្ចអន្តរាគមន៍ដាច់ដោយឡែក មួយច្បាប់ផ្សេងទៀតចុះថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០១៨ជូន លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានខ្លឹមសារថា “សំណូមពរ លោក ជា សុផារ៉ា ១.សុំចុះធ្វើអធិការ កិច្ច លើសំណុំរឿងនេះ ដោយធ្វើការបញ្ជាក់អំពីអតិ្ថភាព ឬនត្ថិភាពនៃដីបញ្ជាន់គ្នា, ២.សុំឲ្យអាជ្ញាធរដែនដី និងមូលដ្ឋាន (ដែលជាម៉ែជាឪពុក របស់ប្រជាពលរដ្ឋ) ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់សង្កាត់ ជាពិសេសអាជ្ញាធរទទួលបន្ទុក ខាងអង្គភាពសុរិយោដី អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ មានសីលធម៌និងក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ ។ សុំឲ្យអង្គភាពសុរិយោដី អនុវត្តតួនាទីរបស់ខ្លួន គឺនៅពេលដែលមានការលក់ទិញ ត្រឹមត្រូវតាមច្បាប់ត្រូវផ្ទេរកម្មសិទ្ធិ នៅតាមនីតិវិធីសុរិយោដី និងច្បាប់ជាធរមាន ។ លើសនេះខ្ញុំសុំឯកឧត្តម មេត្តាជួយអន្តរាគមន៍ ទៅអង្គភាពសុរិយោដី ឲ្យចាត់ចែងចុះវាស់វែង ចុះបញ្ជីក្បាលដីនិងផ្ដល់ប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋជិត ៣០០គ្រួសារ ។ ៣.សុំឲ្យអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលមានសមត្ថកិច្ច ជាពិសេស អភិបាលខេត្តព្រះសីហនុ ជួយសម្រួលនិងបន្តដោះស្រាយ បណ្ដាញទឹកស្អាត និងបណ្ដាញអគ្គិសនីរដ្ឋចូល ទីតាំងដីដែលប្រជាពលរដ្ឋទទួល គោលនយោបាយដោះស្រាយ ទំនាស់ដីធ្លីជិត ៣០០គ្រួសារដែល បាននិងកំពុងរស់នៅលើដី ជាក់ស្ដែងបានប្រើប្រាស់ អាស្រ័យផល និងដែលបានបញ្ចប់ទំនាស់ តាមផ្លូវតុលាការជាមួយនាងខ្ញុំ” ៕

ដោយ៖ មង្គល

Facebook Comments

To Top