ព័ត៌មានជាតិ

ប្រជាជនកម្ពុជានឹងកើន ដល់ ២២លាននាក់ នៅឆ្នាំ ២០៥០

ភ្នំពេញ៖ យោងតាមការិយាល័យប្រជាពលរដ្ឋ (PRB) បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា សរុបនៅឆ្នាំ ២០៥០ ត្រូវបានព្យាករថា មានចំនួន២២លាននាក់ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាសរុប មានប្រហែល ១៦លាននាក់ ។ នេះបើយោងតាមAKP។

លោកស្រី Charlotte Greenbaum អ្នកវិភាគគោលនយោបាយ របស់ PRB បាន ឱ្យដឹងថាតាមការប៉ាន់ស្មានទៅលើ ប្រជាជនកម្ពុជានៅឆ្នាំ ២០៥០ប្រជាជនដែលមាន អាយុក្រោមអាយុ១៥ឆ្នាំ មាន២២ភាគរយ និងប្រជាជនដែលមាន អាយុចាប់ពី ៦៥ឆ្នាំ មានចំនួន១២ភាគរយ។

លោកស្រីបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា អត្រាសមាមាត្រកុមារនៅឆ្នាំ ២០៥០ មានចំនួន ៣៣ ហើយអត្រា សមាមាត្រមនុស្សពេញវ័យ មានចំនួន១៨។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាសរុបមានប្រហែល ១៦លាននាក់ ដែលមាន អត្រាកំណើតថ្មីចំនួន២៣នាក់ និងអត្រាស្លាប់ចំនួន៦នាក់ ក្នុង ចំណោមប្រជាជន១.០០០នាក់។ ចំណែកអត្រាមរណភាព ទារកមានចំនួន២៤ និងអត្រានៃការ មានកូនសរុបមាន ២.៦ ដូច្នេះ PRB បានព្យាករណ៍ថា នៅពាក់កណ្តាលឆ្នាំ២០៣០ ចំនួនប្រជា ជនសរុបនឹងកើនឡើង ដល់១៨.៨លាននាក់ និងនៅឆ្នាំ២០៥០ នឹងមានចំនួន២២លាននាក់។

យោងតាមរបាយការណ៍នៃការព្យាករណ៍បានឱ្យដឹងថា ភាគរយនៃប្រជាជនរស់នៅ ទីក្រុង នឹងមានចំនួន ២៣ភាគរយ និងចំនួនប្រជាជនក្នុងផ្ទៃដីដែលអាចដាំបានគឺ ៤២១នាក់ ក្នុងមួយម៉ែត្រក្រឡា។ ក្នុងរបាយការណ៍ដដែលបានបន្ដទៀតថា សម្រាប់ប្រទេសព្រុយណេ នៅពាក់កណ្តាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ប្រជាជននឹងមានអត្រាថេរ ០.៥លាននាក់។ ប្រទេសឥណ្ឌូណេស៊ីមានចំនួន២៩៣.៩លាននាក់ ឬ៣១៩.៧លាននាក់, ប្រទេសឡាវ មាន ចំនួន៨លាននាក់ ទៅ៩.២លាន នាក់, ប្រទេសម៉ាឡេស៊ីមានចំនួន៣៦.៨លាននាក់ ទៅ៤១.៧ លាននាក់ ប្រទេសមីយ៉ាន់ម៉ាមានចំនួន ៥៨.៩លាននាក់ ទៅ៦២.៤លាននាក់ ប្រទេស ហ្វីលីពីន មានចំនួន១២៦លាននាក់ ទៅ១៥២លាននាក់, ប្រទេសសិង្ហបុរីមានចំនួន ៦.១លាននាក់ ឬ៦លាននាក់, ប្រទេសថៃ មានចំនួន៦៦.៧លាននាក់ ឬ៦២.៦លាននាក់ និងប្រទេសវៀតណាមមានចំនួន ១០៣.២លាននាក់ ទៅ១០៨.២លាននាក់។

ជាមួយគ្នានេះដែរ បើគិតពីចំនួនប្រជាជន លើពិភពលោក នឹងកើនឡើងដល់ ៩.៩ពាន់ លាននាក់ គិតត្រឹមឆ្នាំ ២០៥០ ពោលគឺកើនឡើង ២.៣ពាន់លាននាក់ ឬស្មើនឹង២៩ភាគរយ នៃ ចំនួនប្រជាជន ប្រមាណ ៧.៦ពាន់លាននាក់ នាពេលបច្ចុប្បន្ននេះ។ PRBក៏បានលើកឡើងនៅក្នុង សេចក្ដីប្រកាសព័ត៌មានដែលបាន ចេញផ្សាយថា ការព្យាករណ៍ នៅឆ្នាំនេះបានផ្តល់នូវ ទិន្នន័យថ្មីៗ ស្តីពីសូចនាករប្រជាជន សុខភាព និងបរិស្ថានសំខាន់ៗចំនួន២៦ សម្រាប់ពិភព លោក តំបន់នៅលើពិភពលោក និងប្រទេសជាង ២០០ ដែលរាប់បញ្ចូលទាំងប្រទេស កម្ពុជាផងដែរ។

យោងតាមការព្យាករណ៍ដដែលបាន ឱ្យដឹងថា ប្រទេសឥណ្ឌានឹងក្លាយជា ប្រទេសមានប្រជាជនច្រើនបំផុតលើ ពិភពលោកដែល មានប្រជាជន ១.៦៨០លាននាក់ បន្ទាប់ មកគឺប្រទេសចិនមានចំនួន១.៣៤០លាននាក់ ប្រទេសនីហ្សេរី យ៉ាមានចំនួន៤១១លាននាក់និងសហរដ្ឋអាមេរិកមានចំនួន៣៩០លាននាក់។

ដោយឡែកចំនួនប្រជាជន នៃ ប្រទេសចំនួន ២៦ ដែលភាគច្រើននៅអាហ្វ្រិក នឹងកើន​ឡើងយ៉ាងហោចណាស់ពីរដង និងប្រទេសនីហ្សេ នៅអាហ្វ្រិកខាងលិច នឹងមានប្រជាជនកើនឡើង ជិតបីដង។ ចំពោះប្រទេសចំនួន៣៨ផ្សេង ទៀត នៅឆ្នាំ២០៥០ នឹងមានចំនួនប្រជាជន តិចជាងឆ្នាំ២០១៨។ ប្រទេសចិននឹងក្លាយជា ប្រទេសដែលមាន ការថយចុះចំនួន ប្រជាជនច្រើនជាងគេគឺប្រមាណ៥០លាននាក់ បន្ទាប់មក គឺប្រទេសជប៉ុនមាន ចំនួន២៥លាននាក់ និងរុស្ស៊ីមាន ចំនួន៩.៤លាននាក់។ ប្រទេសរ៉ូម៉ានី នឹង មានការថយចុះប្រជាជន២៣ ភាគរយ។

តែទោះបីយ៉ាងណាក្ដី ប្រទេសជាច្រើនក្នុង ពិភពលោកកំពុងជួបប្រទះ និងបន្តជួប បញ្ហាការកើនឡើងជាលំដាប់នូវចំនួន ប្រជាជន ដែលមានវ័យចាស់ជរានិង មនុស្សពេញវ័យ នៃចំនួនប្រជាជនសរុប។ និន្នាការនេះបង្កឱ្យមានបញ្ហា ប្រឈម សម្រាប់ ប្រទេស នានាក្នុងការធ្វើ ឱ្យមានតុល្យភាពរវាងប្រាក់ សោធននិវត្តន៍ សុខភាព និងអត្ថប្រយោជន៍ដទៃទៀត ដែលមនុស្ស ចាស់ទទួលបានក្នុងការ វិនិយោគទៅលើសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ៕

Facebook Comments

To Top