អន្តរជាតិ

វៀតណាម អនុញ្ញាតឲ្យចាយ ប្រាក់យន់ នៅតាមព្រំដែន ជាមួយចិន

បរទេស៖ ធនាគាររដ្ឋ របស់ប្រទេសវៀតណាម បានប្រកាសឱ្យដឹងថា ពលរដ្ឋវៀតណាមអាចធ្វើ ពាណិជ្ជកម្មជាប្រាក់យន់នៅតាមព្រំដែន ជាមួយប្រទេសចិនបាន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ការអនុញ្ញាតនេះមានន័យថា ប្រតិបត្តិការដែលឈ្មួញ និងអ្នកស្រុក កំពុងធ្វើក្រៅផ្លូវការជាប្រាក់យន់ ជាយូរមកហើយនៅតាមបណ្តោយព្រំដែននោះ គឺនឹងទទួលបានការយល់ព្រមតាមផ្លូវច្បាប់ចាប់ពីថ្ងៃទី ១២ ខែតុលា តទៅ។

លោក Nguyen Tri Hieu អ្នកសេដ្ឋកិច្ចវិទូបានប្រាប់ VN Express International ថា «មិនមាន បទប្បញ្ញត្តិជាក់លាក់ណាមួយ ស្តីពីការប្រើប្រាស់ប្រាក់យន់នៅក្នុងប្រតិបត្តិការទេ ហើយនេះនឹង ជាលើកដំបូងហើយ»។

លោកបានបន្ថែមថា បទប្បញ្ញត្តិថ្មីនេះក៏នឹងអនុញ្ញាត ឱ្យអ្នកទេសចរចិនបង់ប្រាក់សម្រាប់ទំនិញ និង សេវាកម្មនៅក្នុងរូបិយប័ណ្ណផ្ទាល់ខ្លួន របស់ពួកគេនៅក្នុងតំបន់ព្រំដែន។

សូមជម្រាបថា ថ្មីៗនេះប្រទេសវៀតណាមបានក្លាយជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន នៅអាស៊ី អាគ្នេយ៍។ ពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះបានកើនឡើង ១៧ភាគរយពីមួយឆ្នាំទៅ មួយឆ្នាំរហូតដល់ ៤៦,៨២ ពាន់លានដុល្លារ ដោយការនាំចេញរបស់វៀតណាមមានចំនួន ១៦,៦២ពាន់ លានដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top