ព័ត៌មានជាតិ

រំលោភក្មេង​ បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ នៅស្រុកអូរជុំ

រតនគិរី ៖ ក្មេងស្រីរងគ្រោះម្នាក់ ត្រូវជនមិនស្គាល់មុខចាប់រំលោភ គ្រាដែលក្មេងស្រី ២នាក់បងប្អូននាំគ្នា ធ្វើដំណើរពីខ្ទមចំការត្រឡប់មកផ្ទះវិញ។

​ករណីនេះបានកើតឡើង នៅវេលាម៉ោង៦.៣០នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ ធួយ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ត្រង់ចំណុចចំការដំឡូងមី ខាងត្បូងភូមិធួយ។ ក្មេងស្រីដែលត្រូវ គេចាប់រំលោភនោះមានឈ្មោះ គ្លន ទាវ អាយុ៩ឆ្នាំ ជនជាតិគ្រឹង មានលំនៅភូមិ.ឃុំ កើតហេតុខាងលើ ជាសិស្សរៀននៅសាលាបឋមសិក្សាភូមិធួយ។ បន្ទាប់ពីកើតឪពុកម្ដាយក្មេងស្រីរងគ្រោះ បានមកប្ដឹង នគរបាលស្រុកអូរជុំ។

អធិការនគរបាលស្រុកអូរជុំលោកហុង គឹមសេងបានឲ្យដឹងថា គ្រាដែលទទួលបានសេចក្ដីរាយការណ៍ ប្ដឹងពីអាណាព្យាបាល សមត្ថកិច្ចក៏ចុះភ្លាមៗ ដល់ចំណុចកើតហេតុ ហើយធ្វើការសាកសួរទៅក្មេងស្រី រងគ្រោះក៏បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ឪពុកម្ដាយបានទុកនាង និងប្អូនស្រីម្នាក់ទៀតអាយុ ២ឆ្នាំកន្លះ ឲ្យនៅចាំខ្ទមចំការ ២នាក់បងប្អូន ហើយឪពុកម្ដាយនាង បានជិះម៉ូតូទៅផ្សារក្រុងបានលុង។ ដោយចាំឪពុកម្ដាយយូរពេកនាងក៏នាំប្អូនស្រីតូចត្រឡប់ទៅផ្ទះនៅឯភូមិវិញ។ ហើយបានដើរចេញពីខ្ទម បានប្រហែល ៥០០ម៉ែត្រ ដល់ចំណុចចំការដំឡូងមីមួយកន្លែង ជាកន្លែងស្ងាត់ ដាច់ស្រយាល ស្រាប់ តែលេចមុខបុរសម្នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ស្លាទំ ស្លៀកខោខូវប៊យ ពាក់អាវយឺតពណ៌ខ្មៅ ជាប់ក អាវមានមួក រាងខ្ពស់ សម្បុរខ្មៅ ថែមទាំងដុះពុកមាត់សាមូមទៀតផង។ ក្មេងស្រីបានបន្តឲ្យដឹងទៀតថា គ្រាដែលក្មេងស្រីដើរ ២នាក់បងប្អូន នាងបានកាន់ក្រមាមួយនៅដៃ ហើយបុរសនោះបានមកដល់ ឈប់ ម៉ូតូចាប់នាងតែម្ដង រួចយកក្រមាដែលនាងកាន់នៅដៃ យកមកចងដៃនាជាប់ ហើយអូសចូលព្រៃ ដំឡូងមីរំលោភក្មេងរងគ្រោះរហូតបានសម្រេច។ ក្រោយពីរំលោភហើយបុរសរូបនោះ បានជិះម៉ូតូបន្ត ទៅមុខទៀតបាត់ស្រមោល ដោយមិនមានវាយធ្វើបាបអ្វីលើរូបនាងទេ។

បន្ទាប់ពីបានភិនភាគខ្លះៗ ពីក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅរក ជនល្មើសយកមកកសាងសំណុំរឿងបញ្ជូន​ ទៅតុលាការកាត់ទោសផ្តន្ទាទោសតាមច្បាប់៕

ដោយ ៖ ស្រី សុផាន់ណា

Facebook Comments

To Top