ព័ត៌មានជាតិ

រដ្ឋបាលភ្នំពេញទុក ឱសានវាទ២សប្តាហ៍ សម្រាប់អាជីវកម្ម ដាក់តាំងស្លាកយីហោ ភាសាបរទេស

ភ្នំពេញ ៖ រដ្ឋបាល សាលារាជធានីភ្នំពេញ បានទុកឱសានវាទ រយៈពេល២សប្តាហ៍ សម្រាប់ ម្ចាស់អាជីវកម្ម ដែលបានដាក់តាំងស្លាកយីហោ ជាភាសាបរទេស ដូចជាអង់គ្លេស ចិន និងកូរ៉េជាដើម ដោយពុំបានដាក់អក្សរខ្មែរ ឬអក្សរខ្មែរនៅពីខាងលើ តាមកាលកំណត់ របស់ច្បាប់ ។

កន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសារាចរ ណែនាំ អំពីការដាក់តាំងស្លាកយីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែនៅមានម្ចាស់អាជីវកម្មដ្ឋាន មួយចំនួនមិនព្រមគោរពអនុវត្តតាម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ពេល ទុកពេលឲ្យ២សប្តាហ៍ សម្រាប់ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ក្នុងការរុះរើ ហើយបើចង់ដាក់ អក្សរបរទេស ត្រូវដាក់ខាងក្រោម និងមានទំហំតូចជាងអក្សរខ្មែរ១ភាគ២។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងក្នុងកិច្ចប្រជុំស្តីពីការណែនាំ និងការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន តាម ក្លឹបកំសាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ថា បន្ទាប់ពីដាក់ឱសានវាទនេះ នឹងចាត់ក្រុមការងារចុះពិនិត្យមើលបើ រកឃើញម្ចាស់អាជីវកម្ម ដ្ឋានណាមិនគោរព និងមិនអនុវត្តតាមនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការ ផ្លូវច្បាប់។

ក្រៅពីនោះ លោក ហួត ហៃ ក៏បានជម្រុញឲ្យមានការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាពសម្រាប់អ្នកដែលបានស្នើសុំរួចហើយ រួសរាន់ដោយមកដាក់ពាក្ស ស្នើសុំនៅតាមច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ នៅអគារថ្មី និងត្រូវបង់ កម្រៃទៅតាមច្បាប់កំណត់ ។ សម្រាប់ការស្នើសុំប្រកបអាជីវកម្ម និងសុំបន្តអាជីវកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ទុករយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ១ខែក្រោយក្រុមការងារ នឹងចុះទៅត្រួតពិនិត្យអាជីវកម្មដល់ទីតាំងជាក់ស្តែង បើពុំមាន លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណទេ ម្ចាស់អាជីវកម្មទាំងនោះ ប្រឈមនឹងបិទទ្វារអាជីវកម្មតែម្តង៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top