ព័ត៌មានជាតិ

ប.ស.ស ខេត្តបាត់ដំបង អំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់កម្មករនិយោជិត ត្រូវប្រញាប់មកចុះបញ្ជី ដើម្បីទៅទទួលសេវា ដោយឥតគិតថ្លៃ

បាត់ដំបង៖ មន្ត្រី បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តបាត់ដំបង បានអំពាវនាវ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិត ឬ បុគ្គលិក ចាប់ពី ១នាក់ឡើងទៅ ត្រួវចុះបញ្ជី មកក្នុងបេឡាជាតិ របបសន្តិសុខសង្គម ឱ្យបានរួសរាន់ ដើម្បីឱ្យបងប្អូន កម្មករនិយោជិត មានសិទ្ធិ ទៅប្រើប្រាស់សេវា នៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស ។

ការលើកឡើងនេះ ខណៈពេលក្រុមអធិការកិច្ច ការងារតែមួយ នៃ ប.ស.ស សាខាខេត្តបាត់ដំបង ចុះធ្វើអធិការកិច្ចនៅសហគ្រាស ប្រេស៊ីដិន ហ្វើនីឈ័រ ដែលមានអាសយដ្ឋាន នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

ក្រុមអធិការកិច្ចការងារតែមួយ បានអោយដឹងថា ការចុះទៅធ្វើអធិការកិច្ច នៅសហគ្រាសខាងលើ ដើម្បីឱ្យម្ចាស់សហគ្រាស មកចុះបញ្ជិកាជាមួយ នឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករនិយោជិត ដែលកំពុងតែបម្រើការងារ នៅក្នុងសហគ្រាសនេះ មានសិទ្ធិទទួលបាន របបសន្តិសុខសង្គម ដែល ប.ស.ស បានផ្តល់ជូន មានដូចជា ផ្នែកហានិភ័យការងារ បានដាក់ឱ្យអនុវត្ត តាំងពីឆ្នាំ២០០៨ និងផ្នែកថែទាំសុខភាព ត្រូវបានអនុវត្តចាប់តាំង ពីពាក់កណ្តាលឆ្នាំ២០១៦ មក។ ដោយឡែកផ្នែកប្រាក់សោធន៍ នឹងត្រៀមដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ។

បន្ទាប់ពីម្ចាស់សហគ្រាស បានចុះបញ្ជិកាជាមួយ ប.ស.ស រួចកម្មករនិយោជិតទាំងអស់ នឹងក្លាយជាសមាជិក ប.ស.ស ដោយពួកគាត់នឹងទទួលបាន ការប្រើប្រាស់សេវាពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយមិនបង់ថ្លៃ និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត៕

 

 

Facebook Comments

To Top