បរទេស៖ ក្រសួងការបរទេស ចិនបាននិយាយថា ប្រទេសចិនកំពុងតែគាំទ្រ កិច្ចប្រឹងប្រែងការពារ និងការប្រឆាំង អំពើភេរវកម្មរបស់ ប្រទេសអាហ្វហ្គានីស្ថាន ក្រោយមួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បានបដិសេធថា គ្មានគម្រោងកសាងមូលដ្ឋាន និងបញ្ជូនកងទ័ពចិន ទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយគេហទំព័រព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Wu Qian មន្ត្រីនាំពាក្យក្រសួង ការពារជាតិចិន បាននិយាយប្រាប់អ្នកកាសែត ដូច្នេះថា “ប្រទេសចិននិង សហគមន៍អន្តរជាតិ ទាំងអស់គ្នាកំពុងតែគាំទ្រ អាហ្វហ្គានីស្ថាន ឲ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងការការពារ និងការប្រឆាំងអំពើភេរវកម្ម” ។
ស្ថានទូតអាហ្វហ្គានីស្ថាន ប្រចាំនៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិនកំពុងជួយប្រទេសខ្លួន បង្កើត “កងពលតូចភ្នំ” ដើម្បីជំរុញបង្កើនកិច្ចប្រឹងប្រែង ប្រឆាំងអំពើភេរវកម្ម ប៉ុន្តែនឹងមិនមានបុគ្គលិកយោធាចិន នៅលើទឹកដីអាហ្វហ្គានីស្ថាននោះឡើយ៕
Facebook Comments