ព័ត៌មានជាតិ

ឃុំព្រែកអំបិល គ្រឿងញៀនកំពុង វាយលុកយ៉ាងកក្រើក ដោយពង្វក់យុវជនយ៉ាងខ្លាំង

កណ្ដាល៖ បញ្ហាគ្រឿងញៀនកំពុង តែវាយប្រហារស្រទាប់យុវជន នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល យ៉ាងខ្លាំង ខណៈឪពុកម្តាយកំពុង ព្រួយបារម្មណ៍ចំពោះកូនៗ ហើយបើគ្មានការទប់ស្កាត់ទាន់ពេល ឬចាប់មេក្លោងចែកចាយនោះទេ នឹងធ្វើឲ្យក្មេងៗ ជក់យ៉ាងផុសផុល ។

ការជួញដូរគ្រឿងញៀននេះ ត្រូវបានជនមួយចំនួនយកមក ចែកចាយទាំងកណ្តាលថ្ងៃក៏មាន និងលួចលក់លាក់លាមក៏មាន រហូតធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋក្នុងមូលដ្ឋានថែមទៀត ។

ជាក់ស្តែងសមត្ថកិច្ចក៏បានចាប់ អ្នកចែកចាញជាបន្តបន្ទាប់ តែហាក់ដូចជាគ្មានធូរស្រាលឡើយ ។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងបក្ខពួកម្នាក់ទៀត តែរត់គេចបាត់ ។ កាលពីថ្ងៃទី២៤ សីហា នៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ធី ហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ រឹបអូសវត្ថុតាងម្សៅក្រាមពណ៌ សថ្លា សង្ស័យថា សារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ធំ-តូច ។

បើតាមសមត្ថកិច្ច ការចាប់ជនសង្ស័យ ដែលប្រើប្រាស់គ្រឿងញៀននេះ បន្ទាប់ពីទទួល ព័ត៌មានពីប្រជាពលរដ្ឋ ។

ពលរដ្ឋនៅឃុំព្រែកអំបិលម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីគ្រឿងញៀន បានកើតឡើងយ៉ាងខ្លាំង ក្នុងឃុំព្រែកអំបិល ដោយបានពង្វក់ស្មារតី យុវជនយ៉ាងខ្លាំង ហើយគាត់បារម្មណ៍យ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនៗ របស់គាត់ផងដែរ ។ គាត់ក៏បានស្នើឲ្យសមត្ថកិច្ចចុះចាប់អ្នកប្រព្រឹត្តិទៅឲ្យអស់ ពិសេសនោះ មេក្លោងដែលយកមក ចែកចាយក្នុងឃុំតែម្តង។

យ៉ាងណាក្តី បើប្រភពផ្សេងទៀត ក៏បានឲ្យដឹងថា ការចែកចាយនេះ បើគ្មានការបើកភ្លើងខៀវពីខាងក្នុងទេ ក៏អ្នកខាងក្រៅមិនហ៊ានចូលដែរ ។ ពិសេសនោះ សមត្ថកិច្ចគួរពិចារណា ឲ្យបានល្អិតល្អន់ និងខិតខំចាប់ជនសង្ស័យ យកផ្តន្ទាទោសតាមច្បាប់។

ប្រភពក៏បានឲ្យដឹងថា មេក្លោងដែលចែកចាយគ្រឿងញៀននោះ ក៏ស្ថិតក្នុងឃុំព្រែកអំបិល ហើយជាអ្នកមានអំណាច មួយក្នុងចំណោមពលរដ្ឋ ដោយសមត្ថកិច្ចមិនហ៊ានចាប់នោះទេ ដោយសារតែមានខ្នងធំ និងខ្លាចអំណាចផងដែរ ៕

Facebook Comments

To Top