នយោបាយ

អតីតតំណាងរាស្រ្ត CNRP អំពាវនាវឲ្យទម្លាក់ បទចោទលើលោក កឹម សុខា

ភ្នំពេញ៖ លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) បានធ្វើការអំពាវឲ្យមានការ ទម្លាក់បទចោទមកលើលោក កឹម សុខា ដែលជាអតីតប្រធានគណបក្ស កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ត្រពាំងថ្លុង ដែលពុំទាន់បានមានការ អនុវត្តន៍ទោសនៅឡើយ ។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ផែង ហេង មេធាវីការពារក្តី លោក កឹម សុខា ដើម្បីពិភាក្សានីតិវិធីការ ស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។

តុលាការនឹងប្រកាសលទ្ធផល សួរនាំលោក កឹម សុខា នៅក្រៅឃុំ ឬបន្តជាប់ពន្ធនាគារនៅម៉ោង ២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីបើកអស់រយៈពេលមួយព្រឹក ។

លោក អ៊ូ ចាន់រ័ត្ន បានថ្លែងនៅមុខពន្ធនាគារត្រពាំផ្លុង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ថា “ប្រសាសន៍សម្ដេចតេជោម្សិលមិញ ហ្នឹងបានបញ្ជាក់មិនអាចដោះលែង លោកប្រធានបានទេ ប៉ុន្តែខ្ញុំអំពាវនាវតាមរយៈ ផេករបស់ខ្ញុំដែរថា គាត់មិនទាន់មានទោសទេ ។ សូមឲ្យមានការទម្លាក់បទចោទ ដើម្បីផ្ដល់យុត្តិធម៌ដល់លោកប្រធាន កឹម សុខា និងដល់ពលរដ្ឋដែល គាំទ្រលោកប្រធានផង” ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់អាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ។ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនទៅ ពន្ធនាគារត្រពាំងផ្លុងភ្លាមៗ ក្រោមការចោទ ប្រកាន់ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ ។

កាលពីខែមីនា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះ អាសន្នរយៈពេល៦ខែ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ចំពោះបទល្មើស លោក កឹម សុខា ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top