ព័ត៌មានជាតិ

មន្ទីរពេទ្យជោរៃ ភ្នំពេញ ពិនិត្យព្យាបាល និងផ្តល់ថ្នាំឥតគិតថ្លៃ ដល់អ្នកជំងឺឈឺក្បាល ៥០នាក់

ភ្នំពេញ៖ មន្ទីរពេទ្យជោរៃ ភ្នំពេញ សហការជាមួយក្រុមហ៊ុន ឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ ព្យាបាល និងផ្ដល់ឱសថដល់ អ្នកជំងឺឈឺក្បាល ឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី ៥០នាក់ដំបូង ក្នុងរយៈពេល ១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ។

ក្នុងឱកាសពិនិត្យ និងព្យាបាលអ្នកជំងឺឥតគិតថ្លៃ នាព្រឹកថ្ងៃទី៣០ សីហានេះ លោកវេជ្ជបណ្ឌិត ប៊ុយ ចូវត្វិ អ្នកឯកទេសប្រព័ន្ថប្រសាទ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ បានឲ្យដឹងថា ជំងឺឈឺក្បាល គឺជាអការៈមួយដែលភាគច្រើន ឧស្សាហ៍ជួបបំផុត ហើយអ្វីដែលអ្នកជំងឺ បារម្ភបំផុតគឺនៅពេល ដែលឈឺក្បាលម្ដងៗ គាត់តែងតែគិតថា មានជាបញ្ហាដុំសាច់ ណាមួយក្នុងខួរក្បាល ។

លោកវេជ្ជបណ្ឌិតបន្តថា ជំងឺឈឺក្បាល ចែកចេញជា ២ក្រុមធំៗ គឺទី១-បញ្ហាក្នុងខួរក្បាល ទី២-បញ្ហាខាងក្រៅខួរក្បាល ។ ចំពោះបញ្ហាក្នុងខួរក្បាល គឺច្រើនជួបបំផុតដោយសារបញ្ហា លំនឹងសាច់ដុំ មីហ្គ្រែន ។ ចំណែកខាងក្រៅខួរក្បាល គឺជាធម្មតាវាបង្កឡើងដោយ ជំងឺរួមផ្សំផ្សេងៗ ដែលអាចបង្កជាជំងឺឈឺក្បាល ។

ទន្ទឹមគ្នានេះដែរលោកវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋ គួរតែមានការប្រុងប្រយ័ត្ន ចំពោះអការៈមួយចំនួន ដែលជាប្រភេទឈឺក្បាល បង្កជាគ្រោះថ្នាក់ ហើយប្រសិនបើមានអការៈ ឈឺក្បាលខ្លាំង គួរតែទៅជួបប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យ ដើម្បីដឹងពីអការៈនៃជំងឺបានច្បាស់លាស់ ។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ ឈឺក្បាលដោយឥតគិតថ្លៃ សម្រាប់អ្នកជំងឺថ្មី ៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

នេះគឺជាកម្មវិធីមនុស្សធម៌ ដ៏មានអត្ថន័យរបស់ មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពជូនដល់ ប្រជាពលរដ្ឋកម្ពុជាឱ្យមាន ឱកាសទទួលបានការថែទាំ សុខភាពប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាមដែលមាន បទពិសោធន៍ខ្ពស់រួមជាមួយ សម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅ មន្ទីរពេទ្យជោរៃភ្នំពេញ ។ ជាងនេះទៅទៀត គឺជួយឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃការថែទាំ សុខភាពរបស់ខ្លួនដើម្បី ជ្រើសរើសវិធីព្យាបាលឱ្យបានសមស្របបំផុត ។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺ សប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា ។ សម្រាប់ខែ សីហា ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ឈឺក្បាល អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ ឈឺក្បាល ៕

ដោយ៖ ខា ដា

To Top