តារា

ក្រសួងវប្បធម៌ សង្ឃឹមយ៉ាងមុតមាំថា អង្គការយូណេស្កូ នឹងចុះបញ្ជីល្ខោនខោល ខ្មែរជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ(UNESCO) នឹងចុះបញ្ជីល្ខោនខោលខ្មែរ ជាសម្បត្តិវប្បធម៌ តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។ នេះបើយោងតាមAKP។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មាន ការព្រួយបារម្ភឡើយដោយសារ កម្ពុជាមានឯកសារ ជាមូលដ្ឋានគ្រប់គ្រាន់ ដែលបញ្ជាក់ថាល្ខោនខោលជា របស់ខ្មែរជាពិសេសកម្ពុជា បានដាក់ពាក្យស្នើសុំទៅ អង្គការយូណេស្កូមុនប្រទេសថៃ។

លោកបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះ ពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុកបាន បំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោល របស់ខ្មែរធ្វើជារបស់ខ្លួន។

លោក ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មាន គ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឱ្យបាន ច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា ចំពោះបញ្ហាការ សម្រេចចិត្តរបស់អង្គការ យូណេស្កូ លើល្ខោនខោលថាជារបស់ ប្រទេសណាមួយនោះសូម បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានការស្ងប់ស្ងាត់និងសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខណ៍អក្សរ​ចេញ ពីអង្គការ យូណេស្កូ នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។

ពាក់ព័ន្ធទៅនឹងការប្រកាសផ្លូវការរបស់អង្គការយូណេស្កូលើការស្នើសុំចុះបញ្ជីល្ខោនខោលនេះ នឹងត្រូវសម្រេចជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ។
សូមជម្រាបថា កន្លងមក ល្ខោនស្បែកធំ របស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ និងល្បែងទាញព្រ័ត្រ ដាក់បញ្ជូនកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ២០១៥។ ទន្ទឹមនេះ កាលពីឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជូនឯកសារចាប៉ីដងវែងដែលបានរៀបចំចប់សព្វគ្រប់ទៅ អង្គការ យូណេស្កូ កាលពីឆ្នាំ២០១៦។ ចំណែកក្បាច់គុណល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ក៏បានស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ៕

Facebook Comments

To Top