នយោបាយ

សម្តេចតេជោ ព្រមានចាប់ គឹម សុខ ដាក់ពន្ធនាគារវិញ ព្រោះនៅជំពាក់លុយ ៨០០លានរៀល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានអ្នកដែលនិយាយថា ប្រទេស កម្ពុជាកំពុងអនុវត្តនីតិមាត់ ក្នុងការលើកលែងអ្នកទោស ហើយអាចចាប់ដាក់ពន្ធនាគារវិញ ព្រោះ នៅជំពាក់លុយ៨០០លានរៀល ទៅដើមបណ្តឹងវិញ ទោះរួចទោសក៏ដោយ ប៉ុន្តែលុយនៅមិនទាន់ សងទេ ដូច្នេះកុំព្រហើន ព្រោះគុកនៅកំពុងរងចាំអ្នកឯងនៅឡើយទេ។

ការលើកឡើងរបស់ប្រមុខដឹកនាំប្រទេស សំដៅទៅកាន់លោក គឹម សុខ អតីតទណ្ឌិតដែលទើប ដោះលែងឲ្យមានសេរីភាពវិញ កាលពីពេលថ្មីកន្លងមកនេះ ដោយសារលោកបានប្រើពាក្យសំដី លើសលួសមកលើរាជរដ្ឋាភិបាល ដែលមានអំណាចគ្រប់គ្រងប្រទេស ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ បានបញ្ជាក់ថា មានមនុស្សមួយចំនួនបានលើកឡើងថា ការចាប់ ខ្លួន និងការដោះលែងជាការប្រើអំណាច ។ ត្រង់ចំណុចនេះ សម្តេចក៏បានពន្យល់ដល់អ្នកទាំងនោះ វិញថា រាល់អំណាចទាំងអស់ត្រូវបានច្បាប់អនុញ្ញាតឲ្យប្រើ ផ្ទុយទៅវិញប្រសិនបើមិនអនុវត្តទើបជាការ ខុសច្បាប់។

សម្តេចតេជោបន្តថា “គណបក្សប្រជាជនកម្ពុជាត្រូវគេជំពាក់៨០០លានរៀល ចឹងត្រូវរកលុយសង បើ មិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ អ្នកឯងជាប់ទោស រួចតែទោសទេ តែលុយត្រូវសង បើករណីលើកលែងទោស ត្រូវរួចទាំងអស់។ ចឹងត្រូវបែងចែកគ្នាឲ្យច្បាស់ ស្អីនីតិមាត់ ឥឡូវខ្ញុំនិយាយនីតិមាត់ នីតិមាត់ហ្នឹងវាចេញពីនីតិរដ្ឋ អ្នកឯងចង់និយាយថា ខ្ញុំនីតិមាត់ ឥឡូវខ្ញុំនិយាយ ចង្អុលនីតិមាត់ ខ្ញុំនិយាយអ្វីដែលយោងទៅលើទិដ្ឋភាពច្បាប់ អ្នកឯងមិនទាន់បានសងលុយដែលជា ភាគីរងគ្រោះ ដែលតុលាការបានកាត់ឲ្យអ្នកឯងសង៨០០លានអ្នកឯងបានសងនៅ? ចឹងមេធាវីរបស់ គណបក្សប្រជាជន ត្រូវបន្តតាមទារលុយ កុំអាលព្រហើន គុកវានៅរងចាំ គុកវានៅចំហរ”។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញកាលពីថ្ងៃទី១៧ សីហា។ ការដោះលែងលោក គឹម សុខ បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការធ្វើការ សាកសួរ និងពិនិត្យលើការអនុវត្តទោសរបស់លោកក្នុងពន្ធនាគារដើម្បីធ្វើការពិចារណាថា តើត្រូវដោះ លែង ឬបន្តការឃុំខ្លួនទៀត។

លោក គឹម សុខ ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជា ត្រូវបានសាលាដំបូងរាជ ធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល។

តុលាការចោទប្រកាន់លោកគឹម សុខ ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។  ការ ចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់មេធាវីសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកគឹម សុខ បានអះអាងតាមវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយ ឃាតកម្មលោកបណ្ឌិត កែម ឡី៕

ដោយ ៖ ស សំណាង

Facebook Comments

To Top