នយោបាយ

លោក ប៉ុល ហំម សង្ឃឹមថា លោក កឹម សុខា នឹងចេញពីពន្ធនាគារ ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ អតីតអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានសម្តែងក្តីសង្ឃឹមថា តុលាការនឹងដោះលែងលោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខឆាប់ៗ ខាងមុខនេះ ។

ការសម្តែងក្តីសង្ឃឹមរបស់ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ស្របពេលតុលាការកោះ អញ្ជើញមេធាវី លោក កឹម សុខា ដើម្បីសាកសួរពាក់ព័ន្ធ សំណុំរឿងរបស់ លោក កឹម សុខា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

ខណៈរងចាំទទួលសកម្មជន ជាប់ពន្ធនាគារកាលពីល្ងាចថ្ងៃទី២៧ សីហា នៅពន្ធនាគារព្រៃស លោក ប៉ុល ហំម បានបញ្ជាក់ថា “កូនសោរមិនមែននៅដៃខ្ញុំទេ ប៉ុន្តែខ្ញុំគ្រាន់តែថា ខ្ញុំនៅតែសង្ឃឹមអ្វីៗត្រូវតែមានទីបញ្ចប់របស់វា អ្នកជាប់ឃុំឃាំងក៏អីចឹងដែរ ។ ការលំបាកវេទនាយ៉ាងណាក៏ដោយ ក៏ត្រូវមានទីបញ្ចប់ អាហ្នឹងជាច្បាប់របស់ធម្មជាតិ ។ ខ្ញុំមិនជឿថា លោកកឹម សុខា នៅតែជាប់គុករហូតនោះទេ អ្វីៗនឹងមានដំណោះស្រាយ” ។

សូមជម្រាបថា ការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិនេះបន្ទាប់ លោក គី ឬទ្ធិ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះអញ្ជើញលោក ផែង ហេង មេធាវីការពាក្តីឲ្យលោក កឹម សុខា ដើម្បីសាកសួរក្នុងនីតិវិធី ស្តីពីការពន្យាពេលឃុំខ្លួន បណ្តោះអាសន្នលើសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី៣០ សីហា នៅបន្ទប់សាកសួរនៃ​ មណ្ឌលអប់រំកែប្រែទី៣ (ម៣) ខេត្តត្បូងឃ្មុំ៕

ដោយ៖ ស សំណាង

Facebook Comments

To Top