កីឡា

ស្ថានទូតចិនសម្ដែងការ អបអរសាទរ ចំពោះ អត្តពលិកកម្ពុជា ដែលដណ្ដើម បានមេដាយមាស ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី ឆ្នាំ២០១៨

ភ្នំពេញ៖ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែ សីហា នេះបានសម្ដែងការ អបអរសាទរ ចំពោះអត្តពលិក កម្ពុជា២រូប ដែលដណ្ដើម បានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ ដែលកំពុងប្រព្រឹត្តទៅ យ៉ាងមមាញឹក នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជាបានឲ្យដឹងថា” កម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ថ្មីៗនេះ អត្តពលិកកម្ពុជាដណ្ដើម បានមេដាយមាសសរុប ចំនួន ២ ក្នុងវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសា កីឡាជឺជិតស៊ូ(Jujutsu) និងវិញ្ញាសាម៉ូតូទឹក(Ski Modified), យើងខ្ញុំសូមធ្វើការអបអរសាទរ ដោយស្មោះចំពោះ ជោគជ័យនេះ! សូមជូនពរឲ្យអត្តពលិកកម្ពុជា ទទួលបានលទ្ធផលកាន់តែ ប្រសើរ ដណ្ដើមបានមេដាយមាសកាន់តែច្រើន ក្នុងការប្រកួត! ស៊ូស៊ូ អត្តពលិកកម្ពុជា”។

ប្រភពដដែលបន្ថែមថា អត្តពលិកចិនបានបង្ហាញសមត្ថភាព លេចធ្លោក្នុងកម្មវិធីប្រកួតផងដែរ ដោយមកទល់នឹងពេលនេះ ប្រតិភូកីឡាប្រទេសចិន ដណ្ដើមបានមេដាយមាស សរុបចំនួន ៧៨ ឈរចំណាត់ថ្នាក់លេខ ១ លើតារាងមេដាយ។ ក្នុងនោះ នៅលើប្រភេទកីឡាហែលទឹក ដែលទើបនឹងបញ្ចប់, អត្តពលិកចិន Sun Yang ដណ្ដើមបានមេដាយមាសចំនួន ៤ លើ វិញ្ញាសា កីឡាហែលសេរី ចម្ងាយ ២០០ម, ៤០០ម, ៨០០ម និង១៥០០ម, ក្លាយជា “ស្ដេចកីឡាហែលទឹកបែបសេរី” របស់ព្រឹត្តិការណ៍កីឡាអាស៊ី។ ក្រោយការប្រកួត Sun Yang បង្ហាញថា ៖ ការហែលដំណាក់ កាលចុងក្រោយនៃ ប្រកួត ចម្ងាយ ១៥០០ម ពឹងផ្អែកទាំងស្រុងទៅលើឆន្ទៈ។ កាលដែល អាចហែលបានជិត១៥នាទីលើកនេះ គឺជាការលើកទឹកចិត្ត និងជាចំនុចចាប់ផ្ដើមថ្មីសម្រាប់ខ្ញុំ។ គ្រូបង្វឹករបស់ Sun Yang បញ្ជាក់ថា ៖ ដើម្បីសម្រេចបានគោលដៅ មួយនេះ គាត់ធ្វើការហ្វឹកហាត់រាល់ថ្ងៃ, គាត់បានត្រៀមទាំងកាយនិងចិត្ត យ៉ាងពេញលេញក្នុងការទទួល យកការសាកល្បង នេះ, Sun Yang បានសម្រេចនូវ “Mission Impossible”។

សូមរំលឹកថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះ កីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ Runabout 1100 Stock ។

ការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៨ ចាប់នៅថ្ងៃទី១៨ សីហា ដល់ ថ្ងៃទី២ កញ្ញា ឆ្នាំ២០១៨ ហើយគិតត្រឹមថ្ងៃ២៦ សីហា កម្ពុជាទទួលបាន មេដាយមាស២គ្រឿង និងសំរឹទ្ធ១គ្រឿង ដែលនេះជាការ បង្កើតប្រវត្តិសាស្ដ្រថ្មី ដ៏អស្ចារ្យមួយទៀត សម្រាប់កម្ពុជា ដែលដណ្ដើម បានមេដាយមាស២គ្រឿង ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូន អត្តពលិកចូលរួម ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជាឈ្នះ មេដាយមាស១គ្រឿង លើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ៕

Facebook Comments

To Top