កីឡា

សម្តេចតេជោ សាទរកីឡាករ-កីឡាការិនី ដណ្តើមមេដាយមាសលើកទី២ ក្នុងប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរកីឡាករ-កីឡាការិនី២រូប តំណាងកម្ពុជាឈ្នះ មេដាយមាស ជាលើកទី២ ក្នុងការប្រកួតព្រឹត្តិការណ៍ កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ។

សម្តេចតេជោ បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ថា នេះជាមោទនភាពថ្មីមួយទៀត សំរាប់កម្ពុជាដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ។

កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះ កីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ Runabout 1100 Stock ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៨ ចាប់នៅថ្ងៃទី១៨ សីហា ដល់ ថ្ងៃទី២ កញ្ញា ឆ្នាំ២០១៨ ហើយគិតត្រឹមថ្ងៃ២៦ សីហា កម្ពុជាទទួលបាន មេដាយមាស២គ្រឿង និងសំរឹទ្ធ១គ្រឿង ដែលនេះជាការ បង្កើតប្រវត្តិសាស្ដ្រថ្មី ដ៏អស្ចារ្យមួយទៀតសម្រាប់កម្ពុជា ដែលដណ្ដើម បានមេដាយមាស២គ្រឿង ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូន អត្តពលិកចូលរួម ក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជាឈ្នះ មេដាយមាស១គ្រឿង លើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េ ៕

ដើមអម្ពិល

Facebook Comments

To Top