X

លោក សុខ ឥសាន្ដ៖ សមាជិកព្រឹទ្ធសភា អាមេរិកស្លាប់ទាំងមិនទាន់ ដាក់ទណ្ឌកម្មមកកម្ពុជា

ភ្នំពេញ៖ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ បានលើកឡើងថា មរណភាពរបស់លោក ច្សន ម៉ាក់ខេន សមាជិក ព្រឹទ្ធសភាអាមេរិក គឺជាក្រឹត្យក្រមធម្មជាតិ មិនអាចប្រកែកបានជាដាច់ខាត ខណៈលោកមិនទាន់សម្រេចលទ្ធផលដាក់ទណ្ឌកម្មមកលើកម្ពុជា។

លោក សុខ ឥសាន្ត បានថ្លែងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ថា លោក ច្សន ម៉ាក់ខេន ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក បានលាចាកលោកក្នុងជន្មាយុ ៨១ឆ្នាំ ដោយជម្ងឺមហារីកខួរក្បាល ដែលមិនអាចរកគ្រូពេទ្យ ពូកែនៃប្រទេសមហាអំណាច មកជួយយិតយោងជីវិតលោកបានឡើយ ។

លោក សុខ ឥសាន្ដ បានលើកឡើងនៅក្នុងបណ្ដាញទំនាក់ទំនងតេលេក្រាមថា មរណភាពរបស់លោកព្រឹទ្ធសមាជិក គឺជាក្រឹត្យក្រមធម្មជាតិ មិនអាចប្រកែកបានជាដាច់ខាត ។ ក្នុងនាមជាមនុស្សលោកដូចគ្នា សូមបួងសួងឲ្យវិញ្ញាណ្ខ័ន្ឌលោកព្រឹទ្ធសមាជិក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកបានបន្តថា “បញ្ហាសំខាន់គួរកត់សម្គាល់ លោកព្រឹទ្ធសមាជិក បានចាកចោលលោកនេះទៅទាំងមិនទាន់ បានសម្រេចផល នៃការដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសំខាន់ៗកម្ពុជាផងទេ ដែលគួរឲ្យសោកស្តាយជាទីបំផុត”។

លោកបានបន្តទៀតថា ការបាត់បង់លោកព្រឹទ្ធសមាជិក ក៏បញ្ជាក់ច្បាស់ថាអ្នករស់នៅក្នុងសហរដ្ឋអាមេរិក ក៏មិនមែនមានជីវិតអមតៈដែរ នៅតែស្លាប់ដូចគ្នា នឹងអ្នករស់នៅ តាមបណ្តាប្រទេសក្រីក្រដែរ ។ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលលោកព្រឹទ្ធសមាជិក ទន្ទិញចាំមាត់នោះ ក៏មិនអាចជួយបន្តនិងស្រោចស្រង់អាយុជីវិតលោកបានដែរ ។
លោកបន្តទៀតថា ដូច្នេះ កុំចង់ដាក់ទណ្ឌកម្មបិទវីហ្សាមិនឲ្យចូលសហរដ្ឋអាមេរិក អីមិនមានអ្នកណាចង់ទៅទេ ជិះយន្តហោះក៏ឆ្ងាយ ឈឺចង្កេះឈឺខ្នង អស់លុយថ្លៃសំបុត្រយន្តហោះក៏ច្រើន ទុកចាយនៅស្រុកខ្មែរវិញប្រសើរជាង ៕

ដោយ បាន ធារ៉ូ

Facebook Comments