សុខភាព

ក្រុមការងារនៃអង្គការ UNOPS នឹងមកសិក្សាកែលំអរ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅខែក្រោយ

ភ្នំពេញ៖ លោក លោក ហ៊ូប៊ឺត ស្តាប័រហូហ្វ៊ឺ នាយកការិយាល័យប្រតិបត្តិការ UNOPS ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបពិភាក្សាជាមួយសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោកបានអះអាងថា ក្រុមការងារនៃអង្គការ UNOPS នឹងចុះមកសិក្សាកែលំអរ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅខែកញ្ញា។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រក្រសួងសុខាភិបាល ។

ក្នុងជំនួប លោក ហ៊ូប៊ឺត ស្តាប័រហូហ្វ៊ឺ បានលើកឡើងថា UNOPS បានទទួលសិទ្ធពីរដ្ឋាភិបាលសហព័ន្ធរុស្សី ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រុស្សី ដើម្បីអនុវត្តគម្រោងកែលម្អមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកបញ្ជាក់បន្ថែមថា “ក្រុមសិក្សាគម្រោងនឹងមកធ្វើការសិក្សានៅកម្ពុជា នាខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។ គម្រោងនេះរួមមានការជួសជុល សាងសង់អគារ ផ្គត់ផ្គង់សម្ភារៈ និងបណ្តុះបណ្តាលធនធានមនុស្ស”។

លើសពីនេះទៀត លោក ហ៊ូប៊ឺត បានសម្តែងការកោតសរសើរចំពោះលទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងពេលកន្លងទៅផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ UNOPS និងរដ្ឋាភិបាល រុស្សី និងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងបានអនុវត្ត ក្នុងពេលឆាប់ៗខាងមុខ។ លោកក៏បានកោតសរសើរដល់អង្គការ UNOPS ដែលបានជួយកម្ពុជា និងសម្តែងអំណរគុណដល់រដ្ឋាភិបាលរុស្សី ដែលបានសម្រេច ផ្តល់ហិរញ្ញប្បទានឥតសំណង ក្នុងការកែលម្អមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលជាមន្ទីរពេទ្យ បានទទួលការឧបត្ថម្ភ ពីអតីតសហភាពសូវៀត ៕

To Top