សន្តិសុខ និង សង្គម

អភិបាលខេត្តកំពង់ចាម ប្រាប់ពលរដ្ឋឲ្យចេះស្រឡាញ់ ដាំ និងថែរក្សា ព្រៃឈើធម្មជាតិ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន​ បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ ដាំ និងថែរក្សាព្រៃឈើធម្មជាតិ ទាំងដើមឈើហូបផ្លែ និងដើមឈើមានតម្លៃជាដើម ។

លោក អភិបាលខេត្តបានថ្លែង ទៅកាន់ប្រជាពលរដ្ឋនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវា ដែលបានធ្វើឡើង នៅក្នុងបរិវេណ វិទ្យាល័យសម្តេច ជួន ណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមថា បុណ្យរុក្ខទិវា គឺជាពិធី ដ៏សំខាន់ និងមានប្រយោជន៍ សម្រាប់ដាស់ស្មារតី ដល់ប្រជាពលរដ្ឋ អោយចេះស្រឡាញ់ព្រៃឈើ និងថែរក្សាព្រៃឈើ ។

លោកអភិបាលខេត្ត បានបន្តថាពិធីបុណ្យរុក្ខទិវានេះ ត្រូវបានបង្កើតឡើងដោយសម្តេច បរមរតនកោដ្ឋហើយរហូត មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើង បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ បន្តពីព្រះបរមរតនកោដ្ឋ មិនដែលអាក់ខានឡើយ ។ ក្នុងគោលបំណងម្យ៉ាង ដើម្បីដាស់តឿនស្មារតី ប្រជាពលរដ្ឋយើង អោយមានការយល់ដឹង អំពីអត្ថប្រយោជន៍នៃព្រៃឈើ និងមានចិត្តស្រឡាញ់ ថែរក្សាព្រៃឈើរបស់យើងទាំង ដើមឈើហូបផ្លែក៏ដូចជាដើម ឈើមានតម្លៃផ្សេងៗ ។ ម្យ៉ាងទៀត ជាការរំលឹកដ៏មហាទិគុណ ដ៏ថ្លៃថ្លា របស់សម្តចបរមរតនកោដ្ឋ ដែលបានផ្តួចផ្តើម អោយមាន នូវពិធីបុណ្យរុក្ខទិវានេះ ដែលជាការពញ្ញាក់ស្មារតី ជារួមទៅដល់ជនរួមជាតិ របស់យើងអោយ មានការស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើ របស់យើងអោយបានគង់វង្ស ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ពិតណាស់ពីមុនព្រៃឈើ នៅប្រទេសកម្ពុជាយើងសំបូរ ប៉ុន្តែដោយសារតែ កំណើនប្រជាពលរដ្ឋ មានការកើនឡើង និងសេចក្តីត្រូវការប្រើប្រាស់ ក៏កើនឡើងដែរហេតុនោះ ហើយធ្វើអោយព្រៃឈើ មានការបាត់បង់បន្តិចម្តងៗ តាមសេចក្តីត្រូវការនោះ ។ ប៉ុន្តែ បើទោះជាយ៉ាងនោះក្តី ការដែលយើងបានខិតខំ មកជួបជុំគ្នានាពេលនេះ គឺដើម្បីបណ្តុះគំនិតអោយ ជនរួមជាតិរបស់យើង មានការយល់ដឹងពី អត្ថប្រយោជន៍នៃព្រៃឈើ និង ស្រឡាញ់ចូលរួមដាំដុះ ថែរក្សាព្រៃឈើ របស់យើងទាំងអស់គ្នា ព្រោះថារុក្ខជាតិទាំងអស់ មានប្រយោជន៍ខ្លាំងណាស់ ដូជា ការស្រូបជាតិពុល និងបញ្ចេញមកវិញនូវខ្យល់បរិសុទ្ធ ជាដើម ។

តាមលោក គឹម សាវឿន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានថ្លែងអោយដឹងដែរថា ខេត្តកំពង់ចាម បានប្រារព្ធពិធី បុណ្យរុក្ខទិវា ចំនួន ២៤ លើកមកហើយ ដោយដាំឈើចម្រុះ ប្រភេទ បានចំនួនសរុប ៥៦ហិកតា ។ ជាងនេះ ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត មកដល់ពេលនេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម បានបង្កើតសួន អនុស្សាវរីយ៍ និងសួនអាពាហ៍ពិពាហ៍ បានចំនួន ២កន្លែង ដោយ១កន្លែង នៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ និង១កន្លែងទៀត ស្ថិតនៅក្នុងវត្តនគរបាជ័យ ស្រុកកំពង់សៀម សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំ និងជាឱកាសដល់គូរស្រកថ្មី ដាំដើមឈើទុកជាអនុស្សាវរីយ៍ ។ ដោយឡែក សម្រាប់ឆ្នាំ២០១៨នេះ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម មានថ្នាលបណ្តុះកូនឈើចំនួន ៤កន្លែង ក្នុងនោះមានសួនបណ្តុះកូនឈើ លោក ហ៊ុន ណេង ភ្នំប្រុស សួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន ព្រៃកុង (ស្គន់) ថ្នាលបណ្តុះកូនឈើឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងសួនបណ្តុះកូនឈើ ទឹកឆា។បន្ថែមពីនេះ នៅមានសួនបណ្តុះកូនឈើ តូចៗ តាមបណ្តាសង្កាត់. ផ្នែកដែលបាននិងកំពុងចែកចាយ ផងដែរ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top