សន្តិសុខ និង សង្គម

វិទ្យាស្ថានជាតិការទូត និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ចាប់ដៃគ្នា អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យព័ត៌មានវិទ្យា និងការទូត

ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅថ្ងៃទី៩ កក្កដានេះ បានចុះអនុស្សារណៈយោគយល់គ្នា(MoU ) ដើម្បីអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងការបរទេសខ្មែរ និងក្រសួងប្រៃសណីយ៍ ព្រមទាំងក្រសួងពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា និងវិស័យការទូត ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងជាបិតាស្ថាបនិក នៃវិទ្យាស្ថានជាតិទាំងពីរ ។

លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការ និងជាប្រធាន NIDIR បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិ NIDIR និង NIPTICT ត្រូវបានបង្កើតឡើងដោយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ ហើយការបង្កើតនេះ ជាចក្ខុវិស័យដ៏វែងឆ្ងាយ របស់លោកទេសរដ្ឋមន្ត្រី ស្របទៅតាមសុភាសិតចិនមួយថា «បើគម្រោងរបស់អ្នក សម្រាប់រយៈពេលមួយឆ្នាំ ចូរអ្នកដាំស្រូវ សម្រាប់ ២០ឆ្នាំ ចូរអ្នកដាំដើមឈើ និងសម្រាប់រយៈពេលលើសមួយសតវត្សន៍ ចូរអ្នកអភិវឌ្ឍធនធានមនុស្ស» ។

លោកបន្តថា ការចុះ MoU នាថ្ងៃនេះក៏ឆ្លើយតបទៅនិង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតអាទិភាពលើយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ លើវិស័យ៤សំខាន់គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ លោកថា វិទ្យាស្ថាន NIPTICT ដែលជាកូនច្បង មានអាយុ ៥ឆ្នាំ និងវិទ្យាស្ថាន NIDIR មានអាយុ ១ឆ្នាំកន្លះ គិតចាប់តាំងពីថ្ងៃបង្កើត ។

លោកបញ្ជាក់ថា “តាមរយៈការចុះ MoU នៅថ្ងៃនេះជាពិសេសជាមួយវិទ្យាស្ថាន NIPTICT ដែលជាដៃគូក្នុងស្រុកទីពីរ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនិងភាពជាដៃគូរវាង វិទ្យាស្ថានបងប្អូនយើងទាំងពីរ នឹងបង្កើតនូវសហថាមពលមួយ តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ គ្រប់គ្រង ស្រាវជ្រាវ និងរៀបចំកម្មវិធីសិក្សាបណ្ដុះបណ្ដាល សន្និសីទ សិក្ខាសាលា និងព្រឹត្តការណ៍រួមគ្នា ដែលសហថាមពលនេះ នឹងជំរុញសកម្មភាពបណ្ដុះបណ្ដាល ស្រាវជ្រាវ រវាងស្ថាប័នទាំងពីរ ឲ្យកាន់តែសកម្មឡើងថែមទៀត ជាពិសេសចូលរួមចំណែក ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៃក្រសួងការបរទេស មន្ត្រីរាជការ ក្រសួងស្ថប័នពាក់ព័ន្ធ ក្នុងវិស័យជំនាញរបស់ វិទ្យាស្ថានរបស់យើង” ។

ក្នុងឱកាសនោះដែរលោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ វិទ្យាស្ថាន NIPTICT បានចុះ MoU ជាមួយស្ថាប័នក្នុងស្រុក និងក្នុងតំបន់ជាច្រើន ។

លោកបន្តថា លទ្ធការងារក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ វិទ្យាស្ថានបានបំពេញបេសកកម្ម ដែលដាក់ចេញនូវ យុទ្ធសាស្ត្រចំនួន៣ គឺ ការពង្រឹងការបណ្ដុះបណ្ដាល មន្ត្រីរាជការ និងសិស្សនិស្សិត ក្នុងវិស័យ ICT, ការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងវិស័យ ICT និងការជំរុញនូវសហគ្រិនភាព ផ្នែកបច្ចេកវិទ្យា ។

លោកបានគូសបញ្ជាក់ថា “ចំពោះការងារស្រាវជ្រាវវិញ យើងមានអាយុតែ ៤ឆ្នាំមែន ប៉ុន្តែយើងបានអភិវឌ្ឍខ្លួនឲ្យ ក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលពេញរូបពេញរាង ។ សព្វថ្ងៃយើងមានអ្នកស្រាវជ្រាវចំនួន ១២នាក់ យើងបានធ្វើការស្រាវជ្រាវ លើប្រធានបទសំខាន់២ ដែលសំខាន់សម្រាប់កម្ពុជា ទី១-ជំរុញឲ្យមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា ភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ ដែលយើងដឹងថា នៅមានការខ្វះខាតច្រើន, ទី២-ស្រាវជ្រាវលើប្រព័ន្ធ ទំនាក់ទំនងតាមតំបន់ជនបទរាល់ ICT ដែលយើងគិតថា មានប្រយោជន៍អាចភ្ជាប់ ប្រជាជននៅជនបទ អាចយកចំណេញពីបច្ចេកវិទ្យា ដ៏មានសក្ដានុពលនេះ” ។

លោកបន្ថែមថា នៅក្នុងឆ្នាំ២០១៥ វិទ្យាស្ថានបានចាប់ផ្ដើម កម្មវិធីការប្រកួតថ្នាក់ជាតិ ពានរង្វាន់ ICT កម្ពុជា ហើយមកដល់ឆ្នាំនេះ ជាឆ្នាំទី៤ ដែលមានក្រុមហ៊ុន ICT ជាង ១២០ក្រុមហ៊ុន ចូលរួមប្រកួតប្រជែង ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top