នយោបាយ

សម្តេចតេជោ បង្ហាញមោទកភាពបង្ក្រាប បដិវត្តន៍ពណ៌នៅមុខអ្នកគាំទ្រ ក្នុងថ្ងៃឃោសនារកសំឡេងឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាផង និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាផង បានបង្ហាញអំពីមោទកភាព នៅចំពោះមុខអ្នកគាំទ្រ របស់បក្សជាច្រើនម៉ឺននាក់ ក្នុងពេលឃោសនារកសំឡេងឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រថា គណបក្សប្រជាជនដែល បានដឹកនាំរាជរដ្ឋាភិបាល បានបង្ក្រាបនិងរាំង ស្កាត់ទាន់ពេលវេលា នូវចលនាបដិវត្តន៍ពណ៌ ដែលបង្កើតដោយអតីត មេបក្សគណបក្សសង្រ្គោះជាតិ ដោយមានបរទេសបញ្ជាពីក្រោយ ក្នុងការប៉ុនប៉ងផ្ដួលរំលំ រដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត តាមរយៈវិធានការច្បាប់ ដ៏ហ្មឹងម៉ាត់បំផុត កាលពីចុងឆ្នាំ២០១៧ ។

លោក កឹម សុខា អតីតប្រធានសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូប បានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខា ដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង៥រូប របស់លោក កឹម សុខា ដែរ ពាក់ព័ន្ធអំពើក្បត់ជាតិ ។ ចលនាបដិវត្តពណ៌នេះ បាននាំឲ្យមានការរំលាយ គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយអតីតមន្រ្តីបក្សទាំង១១៨រូប ក៏បានកាត់សិទ្ធិក្នុងការធ្វើ នយោបាយរយៈពេល ៥ឆ្នាំផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងឱកាសបើកយុទ្ធនាការឃោសនា បោះឆ្នោត នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះថា “ចលនាបដិវត្តន៍ពណ៌ដែលដឹកនាំ ដោយអតីតគណបក្សប្រឆាំង និងមានបរទេសបញ្ជាពីក្រោយ ដែលប៉ុនប៉ងផ្ដួលរំលំ រដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ត្រូវបានរាំងស្កាត់ទាន់ពេលវេលា តាមរយៈវិធានការច្បាប់ដ៏ហ្មឹងម៉ាត់ ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានបញ្ចៀសប្រទេសជាតិ មិនឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីទៀត ហើយធានាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលជាលក្ខខណ្ឌចម្បង នឹងចាំបាច់មិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាជន។ ខឿនការពារត្រូវពង្រឹងឲ្យកាន់តែរឹងមាំ ដើម្បីធានានូវកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា”។

សម្ដេចតេជោបន្ថែមថា ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានការពារ និងលើកស្ទួយឡើងថែមទៀត ក្នុងក្របខណ្ឌច្បាប់ដែលបានជះ ឥទ្ធិពលល្អប្រសើរដល់ស្ថិរភាព នយោបាយ និងដំណើរការអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top