នយោបាយ

ថ្ងៃបើកយុទ្ធនាការឃោសនា ដំបូង មានជិត១០បក្ស តែបក្ស ប្រ.ជ ហែរក្បួនធំជាង

ភ្នំពេញ៖តាមការកំណត់របស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) ការហែរក្បួនឃោសនា បោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ ចាប់ផ្តើម ពីថ្ងៃទី៧-២៧កក្កដា ។ នៅថ្ងៃដំបូងនៃយុទ្ធនាការ មានគណបក្សចូលរួម ឃោសនាជិត១០នៅទីតាំងផ្សេងក្នុង រាជធានី-ខេត្ត។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានរៀបចំហែរក្បូនធំជាងគេ។

គណបក្សដែលត្រូវហែរក្បួន នៅព្រឹកថ្ងៃ៧ កក្កដា រួមមាន៖  គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

លោក លន់ ឆេងកៃ ប្រធានគណៈកម្មាធិការ រាជធានី-ខេត្ត រៀបចំការបោះឆ្នោត បានឲ្យដឹងថា ក្នុងចំណោមគណបក្សចំនួន ៥ ដែលបានដាក់ពាក្យ សុំធ្វើការឃោសនា ស្វែងរកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើស តាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៦ គឺគណបក្សប្រជាជនកម្ពុជាធ្វើជាលក្ខណៈធំជាងគេ ដោយមានសមាជិកចូលរួម ៦ម៉ឺននាក់ ដោយក្បូនដូចជា ផ្ការរីកអីចឹង។

លោកបានបញ្ជាក់ថា “ថ្ងៃ៧ កក្កដា នេះ ជាថ្ងៃដំបូងនៃយុទ្ធនាការ ហើយគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យសុំធ្វើយុទ្ធនាការធំ ដោយជួបគ្នានៅកោះពេជ្រ ដោយមានសមាជិកចូលរួមប្រមាណ៦ម៉ឺននាក់ ហើយហែរក្បូន ចេញពីកោះពេជ្រ ទៅតាមបណ្តាខណ្ឌ នានានៅក្នុងរាជធានីភ្នំពេញតែម្តង”។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែនក្នុងជំនួបជាមួយកម្មករកាលពីថ្ងៃ៥ កក្កដា បានប្រកាសហាមឃាត់ លើការប្រើប្រាស់មធ្យោបាយរដ្ឋ ហាមផឹកស្រា និងលក់ស្រា និងមានចំណុចមួយចំនួនទៀត នៅក្នុងអំឡុងថ្ងៃ ឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ។

សម្ដេចតេជោបញ្ជាក់ថា “បណ្ដាស្ថាប័នរដ្ឋ អ្នកដែលធ្វើការនៅក្នុងរដ្ឋទាំងអស់ ហើយដែលឈរជាតំណាងរាស្ត្រ ឬចូលទៅក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត មិនត្រូវប្រើប្រាស់ នូវទ្រព្យសម្បត្តិរបស់រដ្ឋ ថវិការបស់រដ្ឋ ឬមធ្យោបាយរបស់រដ្ឋ ដើម្បីធ្វើយុទ្ធនាការទេ ។ បញ្ហានេះត្រូវធ្វើឲ្យប្រាកដប្រជា ដើម្បីធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ ដោយបក្សនយោបាយទេ” ។

សម្ដេចបន្តថា បក្សនយោបាយដទៃគ្មានលទ្ធភាព ប្រើប្រាស់មធ្យោបាយ រដ្ឋនោះទេ គឺមានតែបក្សកាន់អំណាចទេ ដូច្នេះមិនត្រូវប្រើ រថយន្តពាក់ស្លាកលេខរដ្ឋ ឬស្លាកលេខនគរបាល ឬស្លាកលេខយោធា (ខម) ទៅធ្វើយុទ្ធនាការ បោះឆ្នោតទេ ។

ចំពោះសាំង ក៏មិនត្រូវប្រើសាំង របស់រដ្ឋដែរ ត្រូវចាក់សាំងខ្លួនឯង ធ្វើដូច្នេះដើម្បីធានាថា មធ្យោបាយរបស់រដ្ឋ មិនត្រូវបានប្រើប្រាស់ ដោយបក្សនយោបាយ ណាមួយ ជាពិសេសបក្សកាន់អំណាច ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.

To Top