សន្តិសុខ និង សង្គម

សម្ដេចតេជោ ព្រមានមិនផ្តល់វិសារ ឲ្យលោក ប្រេដអាដាម និងមន្រ្តី UN

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានទៅដល់លោក ប្រេដ អាដាម នាយកប្រតិបត្តិទទួល បន្ទុក កិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងមន្ដ្រីរបស់អង្គការ សហប្រជាជាតិ (UN) នឹងមិនផ្ដល់វិសារឲ្យចូលមកកម្ពុជា ពីព្រោះកម្ពុជាក៏ជាសមាជិក UN ដែរ។ ការមិនផ្តល់ឲ្យនេះ ត្រូវបានសម្តេចតេជោ អះអាងថា ដោយសារពួកគេ ចង់ធ្វើជាចៅហ្វាយនាយលើកម្ពុជា ខណៈកម្ពុជាមិនស្ថិតនៅក្រោមច្បាប់ របស់ប្រទេសណាមួយនោះទេ។

ជារឿយៗ លោក ប្រេដ អាដាម តែតែងធ្វើការរិះគន់ មកលើរាជរដ្ឋាភិបាលកម្ពុជា ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែង ដឹកនាំប្រទេសឲ្យមានការរីកចំរើន។ ជាមួយគ្នានេះនាពេលថ្មីៗនេះ ក៏បានរិះគន់មកលើដំណើរការ បោះឆ្នោតនៅកម្ពុជាថា មានលក្ខណៈមិនល្អ ខណៈអង្គទូតនានា និងអ្នកពាក់ព័ន្ធ របស់បរទេសសរសើរ ដល់ដំណើរការបោះឆ្នោត  មានលក្ខណៈល្អប្រសើរ ។

ថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ យូមែនរ៉ាយ វ៉ច្ឆ របស់លោក ប្រេដ អាដាម បានចេញផ្សាយនូវរបាយការណ៍ ថ្មីមួយ ស្តីពី បុគ្គលនាយឧត្តមសេនីយ៍ មានបាតដៃកខ្វក់១២រូបរបស់កម្ពុជា មានប្រវត្តិរំលោភសិទ្ធិមនុស្សដ៏ យូរអង្វែងនៃ នាយ ឧត្តមសេនីយ៍ របស់សម្តេច ហ៊ុន សែន។ បុគ្គលមានបាតដៃកខ្វក់១២រូបរបស់កម្ពុជា គឺជាឈ្មោះថ្មីដែលអង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រសិទ្ធិនាមឲ្យនាយឧត្ដម សេនីយ៍គ្រាក់ៗ និងជាមនុស្សជំនិតៗរបស់ នាយករដ្ឋមន្ត្រីកម្ពុជា។ អង្គការនេះ រកឃើញថា នាយឧត្ដមសេនីយ៍គ្រាក់ៗទាំង ១២រូបនេះ សុទ្ធតែជាក្រុមបុគ្គលដែលមានជាប់ជំពាក់ក្នុងអំពើ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពួកគេ បានប្រព្រឹត្តិ ចាប់តាំងពី ទសវត្សរ៍ទី៧០ រហូតមកទល់បច្ចុប្បន្ន ។

ថ្លែងចំពោះមុខកម្មករ-កម្មការិនី ប្រមាណ ២៧,៥២៩ នាក់ ខេត្តកណ្តាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាមិនមែនស្ថិតនៅក្រោមឥទ្ធិពលច្បាប់របស់ប្រេដអាដាមទេ។

សម្ដេចបន្ដថា មានអ្នកជើងខ្លាំងម្នាក់ចេញមកវិភាគឲ្យព្រះរាជអាជ្ញាធ្វើការស៊ើបអង្កេត ជុំវិញបញ្ហាលើមន្រ្តីទាំង១២រូប ដែលប្រេដអាដាមបានចោទប្រកាន់ថា ជាមន្រ្តីបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញសិទ្ធិមនុស្ស។ សម្ដេចតេជោ ឆ្លើយតបវិញថា គ្មានធ្វើការស៊ើបអង្កេតអ្វីទាំងអស់ ពីព្រោះអ្នកឯងបានធ្វើការចោទកម្ពុជាពីខាងក្រៅប្រទេស ដូច្នេះអ្នកឯងគ្មានសិទ្ធិទេ។ ប្រសិនបើប្រជាជនខ្មែរប្ដឹងទៅលើបុគ្គលិកណាម្នាក់ កម្ពុជានឹងអនុវត្តន៍ទៅតាមផ្លូវតុលាការ ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់។

សម្ដេចតេជោបន្ថែមថា លោក ប្រេដ អាដាម ជាជនជាតិបរទេសមកចង្អុលកម្ពុជា “ខុសចេះ,ខុសចុះ” តែសម្ដេចឲ្យលោក ប្រេដ អាដាម ទៅចង្អុលមុខសលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ខុសត្រូវជារឿងរបស់អ្នកឯង កុំមកចង្អុលកម្ពុជា ពីព្រោះលោក ប្រេដ អាដាម គ្មានសិទ្ធិមកចង្អុលកម្ពុជាទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ថា “ខ្ញុំមានសិទ្ធិនឹងមិនឲ្យវិសារអ្នកឯង ចូលក្នុងប្រទេសរបស់ខ្ញុំ ។ ខ្ញុំមានសិទ្ធិតើ មែនអ្នកឯងមកពេលណាសម្រេចចិត្តទេ កុំថាឡើយអ្នកឯងជាពលរដ្ឋប្រទេសផ្សេង សូម្បីតែមន្ដ្រីអង្គការសហប្រជាជាតិ បើខ្ញុំមិនឲ្យ យើងមិនផ្ដល់វិសារឲ្យ អ្នកឯងក៏គ្មានសិទ្ធិចូលដែរ”។

សម្ដេចបញ្ជាក់ថា កម្ពុជាក៏ជាសមាជិករបស់ UN ដែរ ។ មិនមែនឈ្មោះថា UN ចូលប្រទេសណាបានតាមចិត្តនោះទេ។ សម្ដេចតេជោបានលើកឧទាហរណ៍ថា ប្រសិនបើពួកអស់លោកទៅ ប្រទេសភូមា គេមិនឲ្យចូលជាសិទ្ធិរបស់ភូមាដែរ។

នាយករដ្ឋមន្ដ្រីក៏បានលើកឡើងទៀតថា លោក ប្រេដ អាដាម និងមន្ដ្រី UN តាំងខ្លួនធ្វើជាចៅហ្វាយខ្មែរគឺអត់ទេ? ដោយសារតែពួកអស់ លោកឯងតាំងខ្លួនធ្វើជាចៅហ្វាយខ្មែរ បានជាខ្មែរស្លាប់អស់ច្រើន ដូច្នេះខ្មែរ មិនអនុញ្ញាតឲ្យពួកអស់លោកធ្វើជាចៅហ្វាយខ្មែរទៀតទេ ។ ខ្មែរសម័យនេះ មិនមែនខ្មែរលក់ជាតិ និងបំផ្លាញជាតិ ហើយក្លាយទៅជាពូជពង្សក្បត់ជាតិ តាំងពីឪ រហូតដល់កូនដូចអ្នកខ្លះទេ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកចំអន់ ទៅឲ្យលោក ប្រេដ អាដាម រឿងបង្កកទ្រព្យសម្បត្តិ មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជាទាំង១២នាក់នោះ គឺមិនគ្រាន់នោះទេ គឺត្រូវបង្កកទ្រព្យសម្បត្តិទាំង១៦ ម៉ឺននាក់ទៅទាំងមន្រ្តីប៉ូលីស និងកងទ័ពព្រោះពួកគេជាមន្រ្តីស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាល៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top