សន្តិសុខ និង សង្គម

រាជរដ្ឋាភិបាល ហាមមិនឲ្យលក់និងផឹកស្រា មុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត ខណៈអតីតបក្សប្រឆាំង នឹងផឹកស្រា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងចេញសារាចរណ៍ ហាមមិនឲ្យប្រជាពលរដ្ឋខ្មែរផឹកស្រា និងមិនឲ្យលក់ស្រា នៅថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលថ្ងៃមុន និងថ្ងៃបោះឆ្នោតតែម្តង ខណៈអតីតបក្សប្រឆាំង បានលើកឡើងថា នឹងផឹកស្រានៅថ្ងៃទីបោះឆ្នោតថ្នាក់ជាតិ។

ថ្លែងចំពោះមុខកម្មករ-កម្មការិនី សរុបប្រមាណ ២៧,៥២៩ នាក់ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត ធ្វើយ៉ាងណាកុំឲ្យពលរដ្ឋស្រវឹង ព្រោះបើស្រវឹង នាំឲ្យមានបញ្ហាជាយថាហេតុ។

សម្ដេចមានប្រសាសន៍ថា “តិចទៀតនឹងមានសារាចរណ៍ របស់រាជរដ្ឋាភិបាលចេញ គឺហាមផឹកស្រានៅថ្ងៃ២៨-២៩កក្កដា ។តែមានក្រុមមួយនោះបានលើកឡើងថា នឹងផឹកស្រា”។

សម្ដេចអះអាងថា ក្រុមអតីតបក្សប្រឆាំងផឹក ទៅច្បាប់គេកំពុង ហាមឃាត់ ដូច្នេះសូមផ្អាកការលក់ក្នុងដំណាក់ កាលហ្នឹង សិន ។ សម្ដេចថា ថ្ងៃបោះឆ្នោត កុំឲ្យស្លាប់មនុស្សដោយសារគ្រឿងស្រវឹង ធ្វើយ៉ាងណាបោះឆ្នោត ដោយរលូន និងគ្មានអំពើហិង្សាកើតឡើង។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងទៀតថា រាជរដ្ឋាភិបាល នឹងធ្វើយ៉ាងណា ឲ្យកម្ពុជា មានសុខសាន្ដរហូតផងដែរ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top