សន្តិសុខ និង សង្គម

នាយករដ្ឋមន្ត្រី មិនឲ្យមន្ត្រីបក្សកាន់អំណាច យកមធ្យោបាយរដ្ឋ មកប្រើឃោសនាបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅមន្ត្រី គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ទាំងអស់ មិនត្រូវយកមធ្យោបាយរដ្ឋ មកប្រើប្រាស់ក្នុងការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រឡើយ ព្រោះខុសច្បាប់ ដែលបានកំណត់ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីជិត ៣ម៉ឺននាក់ មកពីរោងចក្រចំនួន ២៥ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “មធ្យោបាយរដ្ឋមិនត្រូវ យកមកប្រើប្រាស់ក្នុងការ ឃោសនាបោះឆ្នោតទេ ព្រោះបក្សផ្សេងទៀត គ្មានលទ្ធភាពនោះទេ ដូច្នេះបក្សកាន់អំណាច មិនត្រូវប្រើប្រាស់” ។

សម្ដេចតេជោ ក៏បានអំពាវដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវការពារសុវត្ថិភាពបក្ស ដែលចូលរួមឃោសនាបោះឆ្នោត នាពេលខាងមុខ ។ ត្រូវសម្រួលបរិយាកាសទាំងអស់ ដើម្បីឲ្យការប្រកួតប្រជែង ដោយស្មើភាពគ្នា ។

សម្ដេចបន្ថែមថា ចំពោះស្ថានីយ៍ទូរទស្សន៍ ក៏ត្រូវជួលម៉ោងផ្សាយឲ្យបក្សដទៃទៀត ដោយស្មើគ្នាដែរ មិនត្រូវប្រកាន់ថា បក្សនេះ បក្សនោះ នោះទេ ។ ចំពោះតម្លៃជួលគឺក្នុង ១នាទី ២៥០ដុល្លារ នេះម៉ោងធម្មតា ប៉ុន្តែបើសិនជាម៉ោងមាស គឺថ្លៃជាងនេះទៀត ។ សម្ដេចថា វិទ្យុក៏ចឹងដែរ ត្រូវជួលឲ្យស្មើភាពគ្នា ។

សូមរំលឹកថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ៕

Leave a Reply

Your email address will not be published.

To Top