សន្តិសុខ និង សង្គម

សម្ពោធដាក់ឲ្យប្រើប្រាស់ ឃ្លាំងស្តុកស្រូវ ៥ម៉ឺនតោន និងឡសម្ងួតស្រូវ ១៥០០តោន ក្នុងមួយថ្ងៃ នៅខេត្តកំពង់ធំ 

ភ្នំពេញ៖ សម្ភោធ ដាក់ឲ្យប្រើប្រាស់ ឃ្លាំងស្តុកស្រូវចំនួន ៥ម៉ឺនតោន និងឡសម្ងួតស្រូវចំនួន ១៥០០តោនក្នុងមួយថ្ងៃ ដែលធំជាងគេនៅក្នុងខេត្តកំពង់ធំ ស្ថិតក្រោមគម្រោងវិនិយោគ ពិសេសក្នុងទម្រង់ជា បំណុលរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុន អេមរុរាយស៍ (ខេមបូឌា) ខូអិលធីឌី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង” (B.O.P.) ក្នុងតម្លៃសរុបចំនួន ៥លានដុល្លារអាមេរិក ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ ឃ្លាំងស្តុកស្រូវ ៥ម៉ឺនតោន និងឡសម្ងួតស្រូវ ១៥០០តោន ក្នុងមួយថ្ងៃ នាព្រឹកថ្ងៃទី៤ កក្កដានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៦ កន្លងទៅនេះ តំលៃស្រូវរបស់បងប្អូន ប្រជាកសិករបានធ្លាក់ថ្លៃ ដោយមិនសមហេតុផល ហើយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាកសិករ ក្នុងនោះដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការទំលាក់ឥណទានជាបន្តបន្ទាប់ ដល់ក្រុមហ៊ុនប្រមូលទិញស្រូវ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការទិញស្រូវពី ប្អូនប្រជាកសិករតាមតម្លៃទីផ្សារ ហើយតាមរយៈយន្តការនេះ បានធ្វើឱ្យទីផ្សារស្រូវ និងតម្លៃស្រូវរបស់បងប្អូនមានស្ថិរភាព និងមានតំលៃតាមតំលៃឡើងវិញ។

លោកបន្តថា ដើម្បីដោះស្រាយលើ បញ្ហាឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យន្តការអន្តរាគមន៍ពិសេស ក្នុងទម្រង់ជាបំណុល ដោយអនុញ្ញាតអោយវិស័យឯកជន ទទួលគម្រោងធ្វើប្រតិបត្តិការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបស្រូវរបស់បងប្អូននៅក្នុងតំបន់ ដែលនេះគឺជាការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល ពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ ។

លោកបន្តទៀតថា ក្នុងរដូវបង្កបង្កើនផល តាមរយៈគម្រោងបង្កើនផលិត ភាពផលិតកម្មកសិកម្ម គឺរាជរដ្ឋាភិបាលជួយឧបត្ថម្ភធន លើតម្លៃពូជស្រូវសម្រាប់បងប្អូន ប្រជាកសិករប្រមាណ ១ ០០០រៀលក្នុ១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ ៣០០០ រៀល ក្នុង១គីឡូ គឺរដ្ឋជួយចេញ១០០០ រៀល កសិករចេញតែ ២០០០ រៀលទេ។

ក្នុងរដូវប្រមូលផលឆ្នាំនេះ លោក កៅ ថាច ជឿជាក់យ៉ាងមុតមាំថា តាមរយៈឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវខ្នាតធំ ជាសមិទ្ធផលថ្មីក្នុងទឹកដីខេត្តកំពង់ធំ គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបស្រូវរបស់បងប្អូន ប្រជាកសិករក្នុងតំបន់ និងធានារក្សាបាននូវ តំលៃស្រូវតាមទីផ្សារបាន និងដោះស្រាយបញ្ហាកង្វល់ លើការខូចខាតស្រូវរបស់បងប្អូនផងដែរ ។

ជាមួយគ្នានោះលោកក៏បានជម្រាបជូនជាពលរដ្ឋថា បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សា សុវត្ថភាពថ្លៃស្រូវសម្រាប់រយៈពេលវែង ហើយក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូនរបស់កសិករ មកកាន់ទីផ្សារផងដែរ ការសិក្សាអំពីការត៏ភ្ជាប់ផ្លូវ ដឹកជញ្ជូនកសិផលផងដែរ ។ ជាក់ស្តែងផ្លូវនៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជុលជុល ធ្វើថ្មី កែលម្អឡើងវិញដើម្បី ធ្វើការត៏ភ្ជាប់តំបន់ផលិត មកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន របស់បងប្អូនប្រជាកសិករ។ ដោយឡែកការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ ។

ទន្ទឹមនេះលោក រស់ សីលវ៉ា អនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ជាប្រតិបត្តិករអនុវត្តគម្រោង ពិសេសរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈយន្តការដោះស្រាយ បាននូវឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និងផ្តល់ជាទុនបង្វិល របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងការផ្តល់ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវ នារដូវប្រមូលផល ។ យន្តការនេះរក្សាបាននូវ តម្លៃសមរម្យដល់បងប្អូនកសិករ និងបំពេញបាននូវបរិមាណស្រូវ-អង្ករ សម្រាប់បម្រើឱ្យការនំាចេញបានគ្រប់គ្រាន់។ ជាក់ស្តែង តម្លៃស្រូវរបស់បងប្អូន ប្រជាកសិករទូទាំងប្រទេស បានកើនឡើងគួរកត់សម្គាល់នាឆ្នំា២០១៧ ២០១៨ ជាពិសេស ស្រូវសែនក្រអូប មានតម្លៃប្រមាណ ១២០០រៀល/គីឡូក្រាម ធៀបគ្រាដូចគ្នាឆ្នំាមុន ៩០០រៀល/គីឡូក្រាម តែប៉ណ្ណោះ។

ដោយរដូវប្រមូលផលស្រូវបានខិតជិតមកដល់ លោកបានស្នើអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលការទិញ-លក់ស្រូវ ក៏ដូចជាកសិផលផ្សេងទៀត តាមរយៈការបង្កលក្ខណៈ ងាយស្រួលដល់ការដឹកជញ្ជូន ស្រូវរបស់កសិករពីទីវាលស្រែ និង/ឬកន្លែងប្រមូលផ្តុំទិញ-លក់ស្រូវ ដែល អាចជានៅសាលាឃុំ ឬកន្លែងផ្សេងទៀត ដែលងាយស្រួលដល់ការប្រមូលផ្តុំ ទិញ-លក់ស្រូវរបស់បងប្អូន កសិករយើង ។ បញ្ហានេះ ក៏អាចជួយកាត់បន្ថយចំណាយ ប្រតិបត្តិការរបស់អ្នកប្រមូលទិញស្រូវ, កាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលជួយបង្កើនផលប្រយោជន៍ ដល់ប្រជាកសិករ ដោយបង្កើនថ្លៃ ចេញពីវាលស្រែឬកសិដ្ឋានផងដែរ ។

លោកបន្តថា ដោយឡែកចំពោះឃ្លាំងស្តុកស្រូវ ចំនួន៥ម៉ឺនតោន និងឡសំងួតស្រូវ ១៥០០តោន ដែលត្រូវដាក់សម្ភោធឲ្យ ប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល សម្រាប់ទឹកដីខេត្តកំពង់ធំ ហើយតាមរយៈវត្តមាននៃសមិទ្ធផលនេះ ពិតជារួមចំនែកយ៉ាងមាន ប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាកង្វល់ របស់កសិករជាពិសេសការធ្លាក់ថ្លៃ ស្រូវចុះដោយគ្មានហេតុផល ។ ទាំងនេះកើតចេញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក រស់ សីលវ៉ា ក៏បានប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការ “ឃ្លាំងស្តុកស្រូវទំហំ ៥ម៉ឺន តោន និងឡសម្ងួតដែល មានសមត្ថភាពសម្ងួតស្រូវ ១.៥០០ តោន ក្នុងមួយថ្ងៃ របស់ក្រុមហ៊ុន អេមរុរាយស៍ (ខេមបូឌា) ខូអិលធីឌី ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” សម្រាប់ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ និងកិនកែច្នៃស្រូវ-អង្ករ ដែលមានលទ្ធភាពប្រមូលទិញស្រូវ មួយភាគធំនៅតំបន់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចាប់ពីពេលនេះតទៅ ។

ឆ្លៀតក្នុងឱកាសនោះ គណៈអធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន  ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top