Uncategorized

ប.ស.ស ខេត្តព្រះសីហនុ ជួយសម្របសម្រួល និងបញ្ជូនកម្មករ ៦នាក់ ដែលជួបគ្រោះថ្នាក់ កាលពីយប់ថ្ងៃទី៣ កក្កដា ទៅសង្គ្រោះនៅមន្ទីរពេទ្យ

ព្រះសីហនុ៖ កម្មការិនីម្នាក់ ឈ្មោះ សន ហ៊ន ភេទស្រី បម្រើការនៅរោងចក្រឡុងសែន និងតៃកុងឡានដឹកកម្មករម្នាក់ ឈ្មោះ សាន សារុន ភេទប្រុស បានស្លាប់ភ្លាមៗ និងកម្មករ កម្មការិនី ចំនួន ៦នាក់ (កម្មការិនីចំនួន ៥នាក់) ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចន្លោះគីឡូម៉ែតលេខ ១៦១ និង១៦២ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើបណ្តាលមកពីឡានដឹកកម្មករ និងឡានដឹកចំណីសត្វ របស់ក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី បានបើកបរក្នុងទិសដៅផ្ទុយគ្នា លុះមកដល់ត្រង់ចំណុច កើតហេតុក៏បានវ៉ាក់អ៊ើគ្នា បណ្តាលឱ្យបុកគ្នាចំពេញទំហ៊ឹង ។

មន្រ្តី និងក្រុមការងារ ប.ស.ស សាខាខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ បានចុះទៅធ្វើការសម្របសម្រួល និងបានបញ្ជូនជនរងគ្រោះទាំងអស់ ទៅសង្គ្រោះនៅគ្លីនិកវណ្ណឌី តែដោយសារកម្មការិនីម្នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ រាល់ថ្លៃសេវាដឹកជញ្ជូន ថ្លៃសេវារហូតដល់ជាសះស្បើយ និងការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗ គឺជាបន្ទុករបស់បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top