សន្តិសុខ និង សង្គម

ជយោ! រថភ្លើងពី ពោធិ៍សាត់-ភ្នំពេញ ត្រូវដាក់ ឲ្យដំណើរការ ជាបណ្ដោះអាសន្ន

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ និងកាត់បន្ថយ ការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋខ្មែរធ្វើដំណើរនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានដាក់ឲ្យ ដំណើរការ ជាបណ្ដោះ អាសន្ន នៅផ្លូវរថភ្លើង ពីខេត្តពោធិ៍សាត់ ទៅកាន់រាជធានីភ្នំពេញ។

នាពេលកន្លងទៅ លោក ស៊ុន ចាន់ថុល ក៏បានដាក់ឲ្យដំណើរជាបណ្ដោះអាសន្ន នៅផ្លូវរថភ្លើងពី ប៉ោយប៉ែត,បន្ទាយមានជ័យ​,បាត់ដំបង,ពោធិ៍សាត់។

ការស្តារឡើងវិញ ផ្លូវរថភ្លើងពីភ្នំពេញ,ប៉ោយប៉ែត,បន្ទាយមានជ័យ ត្រូវបានចំណាយថវិកាប្រមាណ ៩៦.៦ លានដុល្លារ​ ដែលមាន ប្រវែងប្រមាណ៣៨៦ គីឡូម៉ែត្រ។ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពី នោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ។

ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានធ្វើឲ្យកំណាត់ផ្លូវរថភ្លើងទាំងនេះ ត្រូវបានដាក់ឲ្យដំណើរ ការជាបណ្តោះអាសន្នជាថ្មីម្តងទៀត បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាម អស់រយៈពេល៤៥ឆ្នាំ។

ការដាក់ឲ្យដំណើរការផ្លូវរថភ្លើងនេះ ក៏បានជួយសម្រួលដល់ការ ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារគោល ដៅនិងទាក់ទាញ ការវិនិយោគបង្កើតការងារជូន ប្រជាពលរដ្ឋដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រនិង ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ានជាផ្លូវរបៀង សេដ្ឋកិច្ចប្រកប ដោយសក្ដានុពល និងជួយសម្រួលដល់លំហូរ នៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ។

ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលមាន ភូមិឋាន នៅអមសងខាងផ្លូវរថភ្លើង ត្រូវបន្តសហការ ដើម្បីឲ្យគម្រោងនេះ អាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិ ដ៏មហាសាលនេះឲ្យបាន គង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះ កូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

សូមរំលឹកថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ឲ្យដំណើរការ ផ្លូវរថភ្លើង  ពីភ្នំពេញ ទៅព្រះសីហនុ ដើម្បីជួយសម្រួលដល់ចរាចរណ៍ បានមួយកំរិតផងដែរ៕

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top