សន្តិសុខ និង សង្គម

កម្ពុជានាំចូលបន្លែពី ២០០-៤០០តោន ក្នុងមួយថ្ងៃ មានតម្លៃទឹកប្រាក់ពី ១៥០-២០០លានដុល្លា ក្នុងមួយឆ្នាំ

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា យោងតាមរបាយការណ៍អង្កេត បន្លែកាលពីពេលកន្លងទៅ ប្រទេសកម្ពុជានាំចូលបន្លែអាស្រ័យ លើរដូវកាលប្រមាណពី២០០ ៤០០តោនក្នុងមួយថ្ងៃ ដែលមានតម្លៃជា ទឹកប្រាក់ប្រហែលពី ១៥០-២០០លានដុល្លាក្នុងមួយឆ្នាំ ។

លោករដ្ឋមន្ត្រី លើកឡើងដូច្នេះ ក្នុងពិធីផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពខេត្តកំពង់ចាម នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែប្រសើរ និន្នាការនិងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដោយ ពួកគាត់បានយកចិត្តទុកដាក់ខ្ពស់លើ គុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេស បន្លែ និងផ្លែឈើស្រស់ បន្ថែមពីនេះ គឺមានចំនួនទេសចរកើនឡើង ជាលំដាប់ ប៉ុន្តែ ការផលិតនិងផ្គត់ផ្គង់ បន្លែមានសុវត្ថិភាពនៅ លើទីផ្សារក្នុងស្រុក នៅមានកំរិតតិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានបិទស្លាកសញ្ញា ត្រឹមត្រូវតាមស្តង់ដារ ជាការងារចាំបាច់បំផុត ដែលត្រូវសហការគ្នា សម្រេចអោយបានគោលដៅនេះ ។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ឆ្លើយតបទៅ និងបញ្ហាដែលកំពុងជួបប្រទះ រាជរដ្ឋាភិបាលដែលមាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានខិតខំ ធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងគៀងគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពកសិកម្ម និងពាណិជ្ជតូបនីយកម្ម កសិកម្មដោយបង្វែរទិស ពីការអភិវឌ្ឍន៍តាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍន៍ បែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីក គ្រាប់ពូជដែលមានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែម ក្នុងការកែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាំងបរិមាណ គុណភាព សុវត្ថិភាព និងស្តង់ដារ។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងទៅកាន់ប្រជាកសិករថា ការរៀបចំផ្សារណាត់ បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាពេលនេះគឺជាការបង្ក ឱកាសអោយមានការជួបគ្នា រវាងកសិករ អ្នកផលិត អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកលក់ដុំ អ្នកប្រើប្រាស់ដើម្បីមានឱកាស ជជែកគ្នាជុំវិញតម្រូវការការផ្គត់ផ្គង់ និងតម្លៃផលិតផលជាពិសេស ពីនិយមន័យបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព តម្រូវការប្រើប្រាស់ ព្រមទាំងតម្លៃរបស់វា និងផលប៉ះពាល់ផលិតផល កសិកម្មដែលមិនមានសុវត្ថិភាព ។ ដូច្នេះសូមអោយប្រជាកសិករ ចូលរួមទាំងអស់ពិភាក្សា និងសួរសំណួរ ទៅវាយគ្មិនដែលជា អ្នកបច្ចេកទេសកសិកម្ម អោយបានច្បាស់លាស់ ដើម្បីអោយពួកគាត់ ឆ្លើយបំភ្លឺរាល់បញ្ហានានា ទាក់ទងការងារផលិតកម្ម កសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពសម្រាប់ ជាមូលដ្ឋានផលិត និងប្រើប្រាស់កសិផលរបស់យើង ទទួលបានផលប្រយោជន៍ទាំងអស់គ្នា ទាំងសេដ្ឋកិច្ច និងទាំងសុខភាព ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top