សន្តិសុខ និង សង្គម

យុទ្ធនាការបន្តត្រួតពិនិត្យ តម្លៃប្រេងឥន្ទនៈ ចំនួន៧០កន្លែងនៅថ្ងៃទី២

ភ្នំពេញ៖ យុទ្ធនាការត្រួតពិនិត្យ តម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយចាក់ប្រេងនានា នៅតែបន្តធ្វើឡើង ដោយមន្ត្រីរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃយុទ្ធនាការ ក្នុងនោះបានពិនិត្យចំនួន៧០កន្លែង។

ប្រមុខរាជរដ្ឋាភិបាលសម្តចតេជោ ហ៊ុន សែន បានឯកភាពឲ្យមានការ បញ្ចុះតម្លៃប្រេងឥន្ធនៈ១៦០រៀល/លីត្រ (៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត)។

សម្រាប់ថ្ងៃទី២ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ លក់ប្រេងឥន្ធនៈជាច្រើន ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
ខណ្ឌមានជ័យ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេង ចំនួន៦ទីតាំង (ចាប់ពីគល់ស្ពានស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូក) ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ១០០រៀល/លីត្រ។

ខណ្ឌពោធិ៍សែនជ័យ៖ មន្ត្រីបានចុះទៅកាន់ ស្ថានីយប្រេងចំនួន៨ទីតាំង ស្ថិតក្នុងសង្កាត់កាកាប ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ១០០រៀល/លីត្រ។

ខេត្តតាកែវ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយ និងដេប៉ូប្រេងចំនួន ១៧ទីតាំង នៅក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់ ប៉ុន្តែមានស្ថានីយចំនួន ៦ ដាក់លក់ប្រេងសាំងធម្មតា លើសតម្លៃចាប់ពី ៥០រៀល ដល់ ១៥០រៀល/លីត្រ និងសាំងស៊ុបពែលើសពី ៥០រៀល ដល់ ១០០រៀល/លីត្រ។

ខេត្តកំពង់ស្ពឺ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយចំនួន ៩ទីតាំង ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានត្រឹមត្រូវ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ១០០រៀល/លីត្រ។

ខេត្តកណ្តាល៖ មន្ត្រីបានចុះទៅកាន់ស្ថានីយ និងដេប៉ូចាក់ប្រេងចំនួន ២៦ ស្ថិតក្នុងស្រុកកៀនស្វាយ ដោយប្រើប្រាស់ រថយន្តមន្ទីរពិសោធន៍ចល័ត ក្នុងនោះស្ថានីយភាគច្រើន បានលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ពុំត្រឹមត្រូវឡើយ គឺខ្លះបានលក់លើស ហើយខ្លះលក់ទាបជាងតម្លៃកំណត់។

ខេត្តព្រះសីហនុ៖ មន្ត្រីបានចុះទៅកាន់ស្ថានីយប្រេង ចំនួន៤ទីតាំង ក្នុងនោះស្ថានីយទាំងអស់ ដាក់លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រឹមត្រូវតាមតម្លៃកំណត់ លើកលែងតែសាំងស៊ុបពែ គឺបានលក់លើសតម្លៃចាប់ពី ៥០រៀល ដល់ ២០០រៀល/លីត្រ។

ចំពោះស្ថានីយ ដែលបានរកឃើញមានបញ្ហា ជាមួយតម្លៃប្រេង មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top