អន្តរជាតិ

ព័ត៌មានលម្អិតអំពី រុករកក្មេងៗបាត់ខ្លួនទំាង ១៣នាក់ នៅក្នុងរូងភ្នំ ថាមលួង នងណុន

ថៃឡងដ៏៖ បន្ទាប់ពីបានបើកប្រតិបត្តិការ រុករកស្ទើរបែកផ្សែងអស់រយៈពេល ៨ថ្ងៃ ដើម្បីតាមរកក្មេងៗចំនួន ១២នាក់ ដែលជាកីឡាករបាល់ទាត់របស់ថៃ និងគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលបានបាត់ខ្លួន នៅក្នុងរូងភ្នំមួយឈ្មោះថា ថាមលួង នងណុន ដែលស្ថិតក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃឡង់ដ៏ លុះមកដល់យប់ថ្ងៃទី៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ ទីបំផុតបានរកឃើញថា នៅមានជីវិតរស់នៅឡើយទេ ដោយគ្រាន់តែមានអាការៈ អន់ថយកម្លាំងគ្រប់ៗគ្នា ហើយត្រូវបានក្រុមអ្នកជួយសង្គ្រោះ បាននាំចេញពីរូងភ្នំនោះវិញ ។

តាមសាវតានៃរឿងនេះ ដំបូងឡើយ ត្រូវបានសារព័ត៌មាន ជាច្រើនទាំងក្នុងស្រុក និងសារព័ត៌មានសំខាន់ៗអន្តរជាតិ រួមមាន ទូរទស្សន៍ CNN ក៏ដូចជា BBC និងសារព័ត៌មានល្បីៗ មួយចំនួនទៀតក៏បានបន្តតាមដាន និងបានយកមកចុះផ្សាយជាបន្តបន្ទាប់ ក្រោយពីបានទទួលបានដំណឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅមានករណ៍បាត់ខ្លួនក្មេងៗចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ផងដែរ នៅរូងភ្នំមួយឈ្មោះថា ថាមលួង នងណុន ។

ក្រោយពីបានដឹងរឿងនេះកាន់តែច្បាស់លាស់ ក្រុមការងារជួយសង្គ្រោះនាំគ្នា ប្រញាប់បើកប្រត្តិការរុករក តែជាអកុសល គ្រានោះ គឺថ្ងៃទី២៤ ខែមិថុនា ភ្លៀងបានបន្តធ្លាក់ចុះយ៉ាងខ្លាំង និងបានបង្កជន់លិចច្រកចូល រូងភ្នំដ៏អាថ៌កំបាំងនេះ ដែលធ្វើឲ្យក្រុមការងារជួយសង្គ្រោះ ពិបាកនឹងធ្វើការខ្លាំងណាស់ ក៏ឈានដល់ការសម្រេចខួង និងចោះប្រហោងទម្លាយចូល ទៅក្នុងរូងភ្នំខាងលើនេះតែម្តង ។

ប្រតិបត្តិបត្តិការនៃការរុកនេះ នៅតែបន្តឥតឈប់ឈរមិនថា យប់ ឬថ្ងៃឡើយ ដោយមានការចូលរួម ពីសំណាក់ក្រុមអ្នករុករូងភ្នំ និងអ្នកជំនាញមកពីប្រទេសចិន អាមេរិក អង់គ្លេស និងបណ្តាប្រទេសជិតខាងមួយចំនួនទៀត និងមានយោធាជើងទឹកថៃប្រមាណ ១.០០០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការរុកនេះដែរ ។

ក្រោយពីទទួលបានដំណឹង ដ៏តក់ស្លុតនេះដែរ ក្រុមគ្រួសាររបស់ក្មេងៗ ទំាងនោះបានបួងសួង និងសុំឲ្យកូនៗរបស់ ពួកគេជួបតែសុវត្ថិភាព និងអាចវិលមកផ្ទះវិញ ។

មិនតែប៉ុណ្ណោះ សូម្បីតែលោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃបានចុះទៅពិនិត្យ និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ជនរងគ្រោះដែលនៅចាំនៅ មាត់រូងភ្នំរង់ចាំកូនៗរបស់ពួកគេ ។

ពាក់ព័ន្ធនឹងការរុករកនេះដែរ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នានាបានចុះផ្សាយថា ការរុកនៅរូងភ្នំថាមលួង នងណុន នោះ ត្រូវបានក្រុមជួយសង្គ្រោះ ព្យាយាមមុជទឹកចូលក្នុងរូងភ្នំ ក្នុងចម្ងាយប្រមាណ២-៣គីឡូម៉ែត្រ ទើបអាចឈានទៅដល់គោលដៅ មួយដែលអាចសន្និដ្ឋានថា នឹងជិតដល់កន្លែងដែលក្មេងៗ ទាំងនោះកំពុងស្នាក់ អាស្រ័យនៅ ។

ដល់ទីបំផុត នៅយប់ថ្ងៃទី២ ខែកក្កដា ត្រូវនឹងថ្ងៃចន្ទ ដែលជាថ្ងៃទី៩ ការរុករកបានដល់គោលដៅមែន ដោយបានទៅដល់កន្លែង ក្មេងទាំងអស់នៅទីនោះ ដែលមានទីទួលខ្ពស់ ដែលទឹកហូរមកដល់ពួកគេឡើយ ។

គេបានដឹងថា រូងភ្នំនេះអាចមានជម្រៅប្រមាណ១០គីឡូម៉ែត្រ ដែលបានបែងចែកជា ៣ដំណាក់កាល ហើយកន្លែងដែលក្មេងៗ នៅក្នុងរូងភ្នំនោះ គេហៅថា ឆ្នេរខ្សាច់ ប៉ាតាយ៉ា ដែលជាការសន្មត់របស់ក្រុមមុជទឹក ដែលធ្វើការរុករកឥតឈប់ឈរ ។

លើសពីនេះ ការរុករកមុនពេលឃើញ ក្មេងៗទាំងអស់នេះ ថៃបានប្រើ់់ឧទ្ទាម្ភាគចក្រ និងកម្លាំងថ្មើរជើ់ងនៅខាងក្រៅ រូងភ្នំនោះទេផង ។

អ្វីដែលជាផ្តល់ភាព សប្បាយរីករាយនោះ គឺថា ក្រុមគ្រួសាររបស់ក្មេងៗទាំងនោះ សម្តែងក្តីរំភើបយ៉ាងខ្លាំងនៅពេលដឹងថា កូនៗរបស់ពួកគេបាននៅមានជីវិតរស់ ។

ថ្វីត្បិតតែ លទ្ធផលស្តែងចេញជាផ្លែផ្កា តែគេនៅមិនទាន់ដឹងថា ក្មេងៗទាំងនោះ អាចនឹងប្រឈមនឹងសុខភាព បែបណានោះទេ ព្រោះពួកគេមានអាការៈ ចុះខ្សោយស្ទើរគ្រប់ៗគ្នា ដោយសារអត់អាហារ និងហូបគ្រប់គ្រាន់អស់ជិត ១០ថ្ងៃមកនេះ ។

ម្យ៉ាងទៀត គេក៏នៅមិនទាន់បានដឹង អំពីមូលហេតុនៃការ ចូលទៅក្នុងរូងភ្នំនេះ ថាតើក្មេងៗទាំងនេះមានបំណងអ្វី នឹងបានជួបហេតុការណ៍ អ្វីដែលមិននឹកស្មាននោះដែរ ។

បន្ទាប់ពីបានរកឃើញ ក្មេងទាំងនេះរួច ក្រុមជួយសង្គ្រោះបានព្យាយាម នាំពួកគេចេញពីរូងភ្នំនេះវិញ ជាបន្តបន្ទាប់ ៕

Leave a Reply

Your email address will not be published.

To Top