កណ្តាល ៖ ក្រុមកម្មករ-កម្មការិនី នៅរោចក្រ ឃ្វៃយ៉ាង ជាង ៤០០ នាក់ នៅព្រឹកថ្ងៃទី២០ ខែមករា នេះ បាននាំគ្នា ចូលធ្វើការ វិញជាធម្មតាហើយ បន្ទាប់ពីក្រុមប្រឹក្សា អាជ្ញាកណ្តាល បានចូលខ្លួន ជួយសម្របសម្រួល កាលពីថ្ងៃទី១៩ ខែមករា ខណៈដែលក្រុមកម្មករ បាននាំគ្នាឈរតវ៉ា នៅមុខរោងចក្រ និងបំបែកគ្នា ទៅតវ៉ា នៅមុខ ក្រសួងការងារ ដើម្បីស្វែងរកអន្តរាគមន៍ ពីលោក រដ្ឋមន្រ្តីក្រសួងការងារ ។
ជំនួយការផ្ទាល់ របស់លោក សាត់ ជាងហួរ ប្រធានសហភាពជាតិ ការពារកម្មករ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីមានការចរចាគ្នា ដោយសន្តិវិធី រវាងតំណាងកម្មករ និងក្រុមប្រឹក្សា អាជ្ញា កណ្តាល កាលពីថ្ងៃទី១៩ ខែមករា រួចមក ហើយេនៅថ្ងៃទី២០ ខែមករា នេះ ក្រុម កម្មករ ក្នុងរោងចក្រ ឃ្វៃយ៉ាង ទាំងអស់ បាន នាំគ្នាចូលធ្វើការវិញ ជាធម្មតា តាមសេចក្តីបង្គ្រាប របស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល ។ ប៉ុន្តែ តំណាងរបស់ក្រុមកម្មករ ចំនួន ៦ នាក់ ដែលត្រូវបាន ក្រុមហ៊ុនបញ្ឈប់ ពីការងារនោះ នៅមិនទាន់ បានចូលបម្រើការងារវិញនៅឡើយទេដោយត្រូវរង់ចាំការដោះស្រាយជាមួយក្រុមប្រឹក្សា អាជ្ញាកណ្តាល នៅក្នុងតុលាការ នៅពេលក្រោយ ។
លោកបន្តថា “ នៅក្នុងការដោះស្រាយគ្នា រវាងកម្មករ និងក្រុមប្រឹក្សា អាជ្ញាកណ្តាលនោះ គឺភាគីរោងចក្រ បានយល់ព្រម ជាមួយ កម្មករចំនួន ៨ ចំណុច ដោយ ភាគីរោងចក្រ យល់ព្រមផ្តល់ប្រាក់ លើកទឹកចិត្តផ្សេងៗ ដល់កម្មករ តាមអ្វីដែលកម្មករ បានស្នើសុំ ដូចជា ប្រាក់ថ្ងៃបាយ ប្រាក់ថ្លៃជិះរថយន្ត ដោយផ្តល់ឲ្យកម្មករ គ្រប់ៗគ្នាទាំងអស់ ” ។
កម្មការិនីម្នាក់ ឈ្មោះ ផាន ភីន បានឲ្យដឹងដែរថា កម្មករទាំងអស់ បានត្រេកអរ ចំពោះចំណាត់ការ របស់ក្រុមប្រឹក្សា អាជ្ញា កណ្តាល ដែលបានចូលខ្លួន មកជួយ ដោះស្រាយ បញ្ហាជូនកម្មករ ហើយនៅព្រឹកថ្ងៃទី២០ ខែមករា នេះ កម្មករបានចូល ធ្វើការ វិញជាធម្មតា នៅសល់តែតំណាងចំនួន ៦ នាក់ផ្សេងទៀត ដែលត្រូវរង់ចាំ ការកោះហៅ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បី ដោះស្រាយគ្នាម្តងទៀត ។
កម្មកររូបនេះ បន្តថា “ពួកយើង នៅតែបន្តការតវ៉ា ទៅមុខទៀត បើសិនជាខាងរោងចក្រ មិនទទួលយក តំណាងពួកគេ ឲ្យចូល ធ្វើការវិញទេនោះ បើទោះបីជាថ្ងៃនេះ ពួកយើងបាននាំគ្នាចូលធ្វើការវិញក៏ដោយ” ។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ និងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ កម្មករ ជាង ៤០០នាក់ នៃរោងចក្រឃ្វៃយ៉ាង ដែលស្ថិតនៅក្នុង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានផ្ទុះការតវ៉ាឡើង ខណៈដែលពួកគេ បាន ដឹងដំណឹងថា ថៅកែរោងចក្រ បានកាត់ប្រាក់លើកទឹកចិត្ត របស់ពួកគេចំនួន ៥ ដុល្លារ ហើយបញ្ចូលប្រាក់ថែទាំ សុខភាពចំនួន ៥ដុល្លារ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឲ្យពួកគេនោះ មកជំនួសវិញ ។ ប៉ុន្តែ ការតវ៉ានោះ បានទទួលជោគជ័យមួយចំនួន ដោយភាគីក្រុមហ៊ុន ទទួលយល់ព្រមនូវចំណុចខ្លះ ហើយពួកគេ ក៏បញ្ឈប់ការតវ៉ា ។ នេះជាការ តវ៉ាថ្មីមួយទៀត របស់ក្រុមកម្មករ ខណៈដែលថៅកែក្រុមហ៊ុន បានបញ្ឈប់តំណាង របស់ពួកគេចំនួន ៦ នាក់ កាលពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០១២កន្លងទៅនេះ ហើយការតវ៉ាលើកនេះ កម្មករ បានធ្វើជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានដុតសម្បក កង់រថយន្ត ផងដែរ ៕








.gif)
