កណ្តាល៖ កម្មករ-កម្មការិនី ជាង១.០០០នាក់ នៅរោងចក្រកាត់ដេរ យ៉ុងវ៉ា១ បានធ្វើកូដកម្មបន្តទៀត បន្ទាប់ពីពួកគេបានធ្វើកូដកម្មទទួលការបរាជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ដោយខាងក្រុមហ៊ុន មិនយល់ព្រមតាមសំណើររបស់ខ្លួន ដែលទាមទារតវ៉ាឲ្យថៅកែផ្តល់ប្រាក់លើកទឹកចិត្ត និងប្រាក់ផ្តាច់កិច្ចសន្យា។
កម្មការិនី សុខ សុជាតិ បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ថា កាលពីអំឡុងខែធ្នូ កន្លងទៅនេះ ក្រុមកម្មករ១៦០០នាក់ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យថៅកែរោងចក្រយល់ព្រម ផ្តល់ប្រាក់លើកទឹកចិត្ត និងប្រាក់ផ្តាច់កិច្ចសន្យា ហើយអ្វីដែលក្រុមកម្មករចង់បាននាពេលនេះ គឺប្រាក់ខែទី១៣ និងកុំឲ្យរោងចក្រកាត់ប្រាក់ដែលពួកគាត់កំពុងធ្វើកូដកម្មនេះ។
កញ្ញាបញ្ជាក់ថា «ឥឡូវនេះប្រហែលជាពួកខ្ញុំច្រានចោល នូវការស្នើសុំប៉ុន្មានចំណុចនាពេលកន្លងមកនោះហើយមើលទៅ ហើយប្រហែលជាអាចស្នើសុំប្រាក់ខែទី១៣ និងកុំឲ្យកាត់ប្រាក់ខែដែលពួកកម្មករតវ៉ានេះ»។
កញ្ញាបន្តថា ប្រសិនបើថៅកែមិនផ្តល់ដំណោះស្រាយណាសមរម្យសម្រាប់ក្រុមកម្មករទេ ពួកគាត់ នឹងធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយ អាចទទួល យកបាន។
កម្មការិនីរូបនេះ បន្ថែមទៀតថា ទោះបីជាកម្មករប្រមូលផ្តុំគ្នានៅមុខ និងក្រោយរោងចក្រយ៉ាងណាក៏ដោយ ក៏ថៅកែមិនព្រមចេញមកចរចារជាមួយក្រុមកម្មករទេ។ កម្មការិនីនេះ ក៏បានស្នើឲ្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយដល់ពួកគាត់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១កម្មករ-កម្មការិនី១៦០០នាក់នៅរោងចក្រយ៉ុងវ៉ា ដែលមានទីតាំងនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើកូដកម្មរួចម្តងមកហើយ ប៉ុន្តែមិនមានដំណោះស្រាយទើបបានជានៅថ្ងៃ១១ខែមករាពួកគាត់នាំគ្នាបន្តទៀត៕








.gif)
