Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

សន្និសីទ នៃអ្នកជំនាញ ប្រវត្តិសាស្រ្ត ពិភពលោក នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា

E-mail Print PDF

សៀមរាប ៖ ដោយយោងទៅតាម កេរ្ដិ៍ឈ្មោះ និងគុណភាពខ្ពស់ របស់សាកលវិទ្យាល័យ បញ្ញា សាស្រ្ត កម្ពុជា និងជាសាកលវិទ្យាល័យនាំមុខ នៅព្រះរាជាណា ចក្រកម្ពុជា នាពេលបច្ចុប្បន្ន ទើបសមាគម ប្រវត្តិសាស្រ្តពិភពលោក (World History Association) និងអ្នកប្រាជ្ញ/ អ្នកជំនាញ ប្រវត្តិសាស្រ្តពិភពលោក ក៏ដូចជា អ្នកប្រវត្តិសាស្រ្ត ប្រចាំអាស៊ីអាគ្នេយ៍ បានសម្រេចផ្តល់កិត្តិយស និងគុណសម្បត្តិ ជូនសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ខេត្តសៀមរាប ធ្វើជាម្ខាស់ផ្ទះ ក្នុងការ រៀបចំ សន្និសីទ ដ៏មានតម្លៃជាប្រវត្តិសាស្រ្ត និងកម្រិតអន្តរជាតិ រយ:ពេល ៤ថ្ងៃ ក្នុងការបើកទំព័រឆ្នាំសកល ២០១២ នេះ ដោយចាប់ផ្ដើមពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១២ ។ សន្និសីទនេះ មានអ្នកចូលរួមសុទ្ធសឹងជាអ្នកប្រាជ្ញ/ អ្នកជំនាញ ប្រវត្តិសាស្រ្តដ៏វ័យ ចំណាស់ ចំនួន ប្រមាណ ៨០នាក់ ហើយពួកគាត់ មកពី បណ្ដាប្រទេសជាង ២០ និង ពីស្ថាប័ន អន្តរជាតិ ដ៏មានបទពិសោធន៍ខ្ពស់។

តាមប្រសាសន៍របស់ លោក វិនស្តុន វេល្ច (Winston Welch) នាយកប្រតិបត្តិ សមាគមប្រវត្តិសាស្រ្តពិភពលោក ថា សមាគមប្រវត្តិសាស្រ្ត ពិភពលោក បានបង្កើតឡើងនៅឆ្នាំ ១៩៨២ ។ សមាគម ប្រវត្តិសាស្រ្តពិភពលោក រួមជាមួយនឹងសាកលវិទ្យាល័យ បញ្ញាសាស្រ្ត កម្ពុជា បានឯកភាពក្នុងការដាក់ពាក្យ សម្រាប់រៀបចំសន្និសីទប្រវត្តិសាស្រ្តពិភពលោក ដ៏មានសារ:សំខាន់ នៅអាស៊ីអាគ្នេយ៍នាពេលនេះ ។ សន្និសីទនេះ ព្យាយាមប្រមូលផ្ដុំ នូវសមិទ្ធិផល ពីកិច្ចពិភាក្សា ក្នុងចំណោម អ្នកប្រាជ្ញដែលមានចំណេះដឹងជ្រៅជ្រះ ខាងភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត នៅក្នុងតំបន់ និងពិភពលោក។  ហើយសន្និសីទនេះ ជាការជួយជំរុញ លើកទឹកចិត្ត ដោយប្រាជ្ញាក្លាហាន ក្នុងការពិភាក្សា ស្ដីពី វិធី សាស្រ្ត និងយុទ្ធសាស្រ្តផងដែរ ដើម្បីរកឲ្យឃើញ នូវរាល់ដំណើរការ នៃប្រវត្តិសាស្រ្តពិភពលោក ដែលបានអនុវត្ត ក្នុងតំបន់នីមួយៗ កាលពីអតីតកាល បច្ចុប្បន្ន និងអនាគត។

លោកបានបន្តថា ក្នុងចំណោមប្រធានបទ ដែលត្រូវពិភាក្សា ក្នុងសន្និសីទរយ:ពេល ៣ថ្ងៃនេះ គឺ ប្រភេទ នៃប្រវត្តិសាស្រ្តពិភពលោក សវតាររបស់ជនជាតិដើម ការកំណត់ទីតាំង និងនិមិត្តរូបជា ប្រវត្តិសាស្ត្រដ៏ទៃទៀត ព្រមទាំងការអន់ថយ និងការធ្លាក់ចុះ នៃវប្បធម៌អរិយធម៌សង្គម និង ប្រវត្តិសាស្រ្ត ។ ម្យ៉ាងបើតាមការសិក្សា ស្ដីពីប្រវត្តិ នៃដាយស្ភ័រ៉ា (Diaspora) និងយ៉េនឌឺរ (Gender) បទពិសោធន៍ នៃរបបអាណានិគម លទ្ធិនៃជាតិនិយម ទំនាស់ និងភាពបែកបាក់កន្លងទៅ ទាំងមុខ ជំនួញ សេដ្ឋកិច្ច ភាសា ជំនឿ សាសនា វប្បធម៌ សិល្ប: ។ល។

យោងតាមការសិក្សា តាមតំបន់ និងផ្នែកនីមួយៗទាំងនេះ បានបន្សល់ទុក នៅចំណោទយ៉ាងច្រើន សម្រាប់ពិភពលោកទាំងមូល ហើយជាទស្សនវិស័យដ៏វែងឆ្ងាយ និងស្ទើរគ្មានដែនកំណត់ សម្រាប់ ការពង្រឹងនូវទំនាក់ទំនង ខាងវិស័យការទូត វិនិយោគ ទេសចរណ៍ និងការគ្រប់គ្រងធនធាន បរិស្ថាន និងការឆ្លុះបញ្ចាំង រវាង ប្រវត្តិសាស្រ្តនានា ដូចជា អំពើប្រល័យពូជសាសន៍ ប្រៀបធៀជា មួយនឹងគំរូល្អៗមួយចំនួន នៅក្នុងតំបន់ និងសកលលោក សម្រាប់ការសិក្សា នៅក្នុងលក្ខខណ្ឌ កំណត់ណាមួយ សម្រាប់វិស័យសិក្សាអប់រំ និងបង្កើនវិជ្ជាឲ្យបានជ្រៅជ្រះ ខាងប្រវត្តិសាស្រ្ត ពិភព លោកយើងនេះ ។

លោក បានបន្តទៀតថា រូបលោក បានមកប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៥ បើប្រៀបធៀពេលនេះ មានការរីកចម្រើនខ្លាំងណាស់ ស្ទើរគ្រប់វិស័យ ទាំងសិក្សាអប់រំ មានសាលារៀន មហាវិទ្យាល័យ សិស្ស-និស្សិត កុមារ យុវជនខ្មែរ អាចនិយាយភាសាបរទេសបានច្រើន។ លោករំលឹកទៀតថា កាលពេលនោះ លោកត្រូវធ្វើដំណើរ យ៉ាងលំបាក និងចំណាយពេលយូរ ហើយមានការភ័យខ្លាចនិង ផលលំបាកជាច្រើននៅឡើយ ។ តែពេលនេះ ក្រុមអ្នកជំនាញប្រវត្តិសាស្រ្ត ដែលបានចូលរួមសន្និសីទ បានបង្ហាញនូវសេចក្ដីរីករាយ និងមោទកភាពយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា ជា ប្រទេសដែលមាន ប្រវត្តិសាស្រ្ត ដ៏សម្បូរបែប ទន្ទឹមនឹងសន្និសីទប្រវត្តិសាស្រ្តពិភពលោក បានរៀប ចំនៅទីនេះ ដែលកន្លងទៅ ភាគច្រើនរៀបចំ នៅអាមេរិក និងប៉ែកខាងអឺរ៉ុប ។

កន្លងទៅសន្និសីទ ក៏បានបម្រុងធ្វើនៅទីក្រុងបាងកក ប្រទេសថៃ តែត្រូវបានខកខាន ម្តងរួចមក ហើយ ដោយមូលហេតុអសន្តិសុខ ។ ចំពោះ កញ្ញា ងួន រ័ត្នសុផល នាយិការង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត ដែលជាអ្នករៀបចំ និងជាអ្នកស្ម័គ្រចិត្ត ក្នុងការរៀបចំសន្និសីទនេះ បានបង្ហាញនូវ សេចក្ដីរីករាយ និងមោទកភាពយ៉ាងខ្លាំង សម្រាប់ការទទួលបាន នូវឱកាសរៀបចំ សន្និសីទផ្លូវការ និងមានតម្លៃមួយនេះ ហើយយើងព្យាយាម ខិតខំរៀនសូត្រ និងរៀបចំប្រកបដោយគុណភាព ប្រសើរឡើង នៅពេលបន្តទៀត ។

លោក ផាន់ គារ៉ា នាយកសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ប្រចាំខេត្តសៀមរាប បានថ្លែងថា ថ្ងៃនេះ គឺយើងមានមោទកភាពថ្មីមួយទៀត ដែលសាកលវិទ្យាល័យ បញ្ញាសាស្រ្ត បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ នូវសន្និសីទកម្រិតអន្តរជាតិ ស្ដីពី ប្រវត្តិសាស្រ្តពិភពលោក និងមនុស្សជាតិ។ ដែលផ្ដោតជាសំខាន់ លើប្រវត្តិសាស្ត្រនៅអាស៊ីអាគ្នេយ៍ ម្យ៉ាងដោយសាកលវិទ្យាល័យបញ្ញាសាស្រ្ត មានដៃគូរនៅសហរដ្ឋអាមេរិក ពិសេសជាមួយសាកលវិទ្យាល័យហាវ៉ៃ ហើយសមាគមប្រវត្តិសាស្រ្តពិភពលោក បានមើលឃើញ នូវសក្ដានុពល និងគុណភាព របស់សាកលវិទ្យាល័យ បញ្ញាសាស្រ្ត ក្នុងនោះយើងប្រើប្រាស់ ភាសាអង់គ្លេស ជាចម្បង ធ្វើឲ្យមានភាពងាយស្រួល ក្នុងការទំានាក់ទំនង ហើយសន្និសីទមួយនេះ និងមានផលប្រយោជន៍ យ៉ាងច្រើនសម្រាប់និស្សិតរបស់យើង និងកម្ពុជា។

លោកបន្តថា សន្និសីទនេះ បានបើកទូលាយចំពោះនិស្សិត បញ្ញាសាស្រ្ត ចូលរួម ក្នុងការស្ដាប់ រៀនសូត្រ ទទួលបទពិសោធន៍ ដោយវិស័យសិក្សាអប់រំ នៅកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន ប្រកប ដោយគុណភាព និងឈានចូលលំដាប់អន្តរជាតិផងដែរ ទើបស្ថាប័នអន្តរជាតិមានការចាប់អារម្មណ៍ ខ្ពស់បែបនេះ។

សម្រាប់ការសម្រេចផ្តល់កិត្តិយស និងគុណសម្បត្តិ ជូនសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំ នូវសន្និសីទពេលនេះ ព្រោះ ខេត្តសៀមរាប ជាមជ្ឈមណ្ឌល វប្បធម៌ប្រវត្តិសាស្រ្ត ដ៏សម្បូរបែបរបស់ខ្មែរ ហើយក៏យើងអាចនិយាយបានថា ជាមជ្ឈមណ្ឌល វប្បធម៌ប្រវត្តិសាស្រ្ត សម្រាប់អាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ ទាំងនេះ ជាប្រយោជន៍ ជាគំរូដ៏ល្អប្រសើរ និងជាមោទកភាព របស់ជាតិខ្មែរយើង។ កត្តាដែលសំខាន់ គឺយើងមានប្រាង្គប្រាសាទរាប់រយ វប្បធម៌ ប្រពៃណី សិលាចរិក ភាសា ជំនឿ សាសនា សិល្ប: និងសម្បត្តិ ធម្មជាតិដ៏មានតម្លៃ ជាប្រវត្តិសាស្ត្រច្រើនទៀត។ចំពោះអ្នកចូលរួមនាពេលនេះ ជាអ្នកប្រាជ្ញ និងអ្នកប្រវត្តិសាស្រ្ត មកពីបណ្ដាប្រទេសនានា ក្នុងពិភព លោក ចម្រុះជាតិសាសន៍ ។

លោកបន្តទៀតថា  កន្លងទៅ អ្នកខ្លះធ្លាប់តែអានសៀវភៅ អានព័ត៌មាន មើលទូរទស្សន៍ រួចបាន ដឹងឮ បន្តិចបន្តួចពីកម្ពុជា ជារឿយៗ ដឹងត្រឹមតែសង្រ្គាម ខ្មែរក្រហម ប្រល័យពូជសាសន៍ អសន្តិសុខ ក្រីក្រ មើលដូចជាព្រៃផ្សៃណាស់  ។ល។ និង ។ល។ ពេលពួកគាត់បានមកដល់កម្ពុជា ធ្វើឲ្យគាត់ មានការផ្លាស់ប្ដូរ ផ្នត់គំនិត និងការយល់ឃើញទាំងស្រុង ពីអារម្មណ៍បែបអវិជ្ជមាន មក វិជ្ជមានវិញ គឺពួកគាត់គ្រប់គ្នា មានសេចក្ដីសប្បាយរីយរាយ និងពេញចិត្តបំផុត សម្រាប់ការ បានមកទស្សនាកម្ពុជា ទីក្រុងវប្បធម៌ប្រវត្តិសាស្រ្ត និងបានចូលរួមសន្និសីទនេះ ម្យ៉ាងទៀត ពួកគាត់បានឃើញ ស្គាល់នូវប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណីយ សិលាចរិក ភាសា ជំនឿ សាសនា សិល្ប: និងសម្បត្តិធម្មជាតិ ដ៏មានតម្លៃ ជាប្រវត្តិសាស្ត្ររបស់ខ្មែរ ក៏ដូចជាបានឃើញពីជីវភាព និង ស្នាមញញឹមដ៏ស្រស់ស្រាយ រាក់ទាក់ពីពលរដ្ឋខ្មែរ ។ គឺខ្មែរបច្ចុប្បន្ន មិនដូចប្រវត្តិសាស្រ្ត ដ៏ខ្មៅ ងងឹតនោះទេ ព្រោះខ្មែរបច្ចុប្បន្ន មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដឹកនាំប្រកបដោយសុខសន្តិភាព វឌ្ឍនភាព និងឯកភាពជាតិ។

សន្និសីទដ៏មានតម្លៃនេះ នឹងផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងផ្នែកប្រវត្តិសាស្រ្ត ទាំងវិស័យទេសចរណ៍ វិស័យសិក្សាអប់រំ និងវិស័យដ៏ទៃទៀតផងដែរ ព្រោះពួកគាត់ មកពីប្រទេស ជាច្រើន និងស្ថាប័នអន្តរជាតិ ព្រមទាំងមានលទ្ធភាព ក្នុងការចែករំលែកព័ត៌មានជាសកល ពីវប្បធម៌ប្រវត្តិសាស្រ្ត សុខសន្តិភាពរបស់កម្ពុជា ដល់មនុស្សជាតិគ្រប់ជំនាន់ និងពិភពលោក ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS