ភ្នំពេញៈ សហព័ន្ធកីឡាគុនដាវកម្ពុជា បានរៀបចំធ្វើមហាសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំអាណត្តិទី២ ២០១២-២០១៦ ក្នុងការវាយតម្លៃរកចំណុចខ្លាំង ឬចំណុចខ្សោយ និងស្ថានភាពហិរញ្ញវត្ថុ នៃការអនុវត្តកន្លងមក ដើម្បីតម្រង់ទិសដៅ សម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៣ កាលល្ងាចថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ។
នៅក្នុងរបាយការណ៍របស់លោក ខ្លូត រតនា អនុប្រធានទី២ នៃសហព័ន្ធកីឡាគុនដាវកម្ពុជា បានបង្ហាញពីលទ្ធផល និងសកម្មភាពមួយចំនួន ដែលបានអនុវត្តកន្លងមកថា ក្នុងឆ្នាំ២០១២ សហព័ន្ធបានខិតខំ យកចិត្តទុកយ៉ាងខ្លាំង ចំពោះការងារ និងព្រឹត្តិការណ៍ផ្សេងៗ ដែលបង្កើតឲ្យមានការរីកចម្រើន ដល់សហព័ន្ធដូចជា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាក្នុងស្រុក និងក្រៅស្រុក ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ដល់កីឡាករ-កីឡាការិនី ជាពិសេសគឺការធ្វើទំនាក់ទំនង អន្ដរជាតិជាមួយបរទេស ដើម្បីទទួលបានលទ្ធផលល្អនោះ ។ ប៉ុន្ដែនៅក្នុងការអនុវត្តកន្លងមកនោះ ក៏មានចំណុចខ្លាំង និងចំណុចខ្សោយដែរ ដូច្នេះទើបមានការធ្វើសន្និបាត ដើម្បីរឹតបណ្ដឹងនូវចំណុច ដែលមិនទាន់រីកចម្រើន ឲ្រកាន់តែល្អប្រសើរឡើងវិញ ។
លោក សុខ អាង អគ្គលេខាធិការរងរបស់ សហព័ន្ធកីឡាគុនដាវ កម្ពុជា លោកក៏បានលើកយកលទ្ធផល ដែលគុនដាវកម្ពុជាទៅចូលរួម កីឡាយុវជនអាស៊ីអាគ្នេហ៍ ឆ្នាំ២០១៣នេះផងដែរ គឺកម្ពុជាបានដណ្ដើមយក មេដាយសំរិទ្ធមួយគ្រឿង សម្រាប់វិញ្ញាសាយុវជន ១៣-១៦ឆ្នាំ(ដាវធំ Epee) ដែលជាលទ្ធផលលើកដំបូង សម្រាប់ការតស៊ូអស់រយៈពេល ៦ឆ្នាំ ដែលសហព័ន្ធគុនដាវ បានកើតឡើងសារជាថ្មីនេះ ។
ឆ្លៀតក្នុងឱកាសនោះលោក មាស សារិន អនុប្រធានទី១ នៃសហព័ន្ធកីឡាគុនដាវកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹករបស់លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ ដែលជាប្រធានសហព័ន្ធ និងការខិតខំជួយពីសមាជិក ប្រតិបត្តិសហព័ន្ធទាំងអស់នោះ ឃើញថាសហព័ន្ធកីឡាគុនដាវកម្ពុជា កំពុងតែមានការរីកចម្រើនច្រើនហើយ បន្ទាប់ពីឆ្លងកាត់ការអនុវត្តកន្លងមក ។
អនុប្រធានខាងលើនេះ បានសង្កត់ធ្ងន់ថា “ទោះបីជាសហព័ន្ធកីឡាគុនដាវកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនច្រើន ហើយក៏ដោយ ក៏យើងទាំងអស់គ្នា មិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវរៀបចំការរចនាសម្ព័ន្ធដឹកនាំ ឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត ។ ម្យ៉ាងវិញទៀត សមាជិកប្រតិបត្តិទាំងអស់ ត្រូវអនុវត្តការងារឲ្យល្អ តាមមុខងាររៀងៗខ្លួន និងខិតខំស្វែងរកជំនួយបន្ថែមទៀត ដើម្បីឲ្យសហព័ន្ធរបស់យើង កាន់តែរីកលូតលាស់ខ្លាំងជាងមុន នៅឆ្នាំក្រោយៗទៀត” ។
ជាចុងក្រោយលោក មាស សារិន បានថ្លែងអំណរអរគុណ ដល់សមាជិកប្រតិបត្តិទាំងអស់ ដែលយកបានចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួនកន្លងមក (ឆ្នាំ២០១២) ។ ក្រោយពីរំសាយអង្គមហាសន្និបាត សមាជិកប្រតិបត្តិរួមទាំងលោក មាស សារិន បានលើកដៃអនុម័តចំពោះ ការបូកសរុបលទ្ធផលការងារប្រចាំឆ្នោះ២០១២ ពិតជាមានការរីកចម្រើនគួឲ្យកត់សម្គាល់ពិតមែន ៕


លោក មាស សារិន អនុប្រធានទី១ សហព័ន្ធគុនដាវកម្ពុជា



សមាជិកប្រតិបត្តិ




