Tuesday, Jan 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អ្នកស្លាប់កើនឡើងដល់ ៣៦នាក់ ក្នុងគ្រោះថ្នាក់ ជំនន់ទឹកភ្លៀងនៅថៃ

បាងកក៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ពលរដ្ឋថៃចំនួន ៣៦នាក់ បានបាត់បង់ជីវិត ម្នាក់កំពុងបាត់ខ្លួន និងជាច្រើននាក់ផ្សេងទៀត គ្មានទីស្នាក់នៅ ក្រោយពីគ្រោះថ្នាក់ធម្មជាតិ ដោយជំនន់ទឹកភ្លៀង វាយប្រហារលើខេត្តចំនួន១២ តំបន់ភាគខាងត្បូងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែមករា កន្លងមក ក្នុងនោះតំបន់មួយចំនួនទៀត កំពុងជួបការលំបាក ដោយត្រូវជួសជុលការខូចខាត​ដើម្បីបន្តជីវិតរបស់ពួកគេ តទៅទៀត។

ប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្ដរាយ បានឲ្យដឹងថា គ្រោះថ្នាក់ទឹកជំនន់នេះ បានប៉ះពាល់រទៅលើមនុស្ស ​១,២លាននាក់ ក្នុងចំណោម ​៤០៣,៤៧៨​គ្រួសារ នៅក្នុងភូមិ ៥,២៤៤​ ក្នុង ១១៩ស្រុក​ ​ខេត្តចំនួន១២​ និងបណ្តាលឲ្យមានការខូចខាត សំណង់រដ្ឋាភិបាលចំនួន ១៧​ និងផ្លូវ ៥៩២ខ្សែ​ ស្ពាន ១០៦​ ជាពិសេស មានអ្នកស្លាប់ចំនួន ៣៦នាក់ បាត់ខ្លួនម្នាក់។​

ប៉ុន្ដែស្ថានភាពនាពេលបច្ចុប្បន្ននេះ ទឹកជំនន់បានថយចុះ ក្នុងខេត្តចំនួន៤ហើយ​ រួមមានខេត្ត យ៉ាឡា, រាណុង​, ប៉ាតានី និងខេត្តណារ៉ាធីវត្ត​ ​ដោយឡែក ខេត្តមួយចំនួនទៀត កំពុងស្ថិតក្នុងភាពប្រកាសអាសន្នដដែល យ៉ាងណាមិញ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងបន្ដកើនឡើង ​ដោយសារតែ កម្រិតនៃជំនន់ទឹកភ្លៀង នៅក្នុងមួយចំនួនទៀត នៅមិនទាន់ថយចុះនៅឡើយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top